អន្តរជាតិះ- អង្គការសហប្រជាជាតិ និងអង្គការផ្សេងទៀតបានព្រមានថា តំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប បាន និងកំពុងប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងខ្លាំងដែលជិតមកដល់ ហើយបានអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់។ តាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ និងអ្នកជំនាញផ្សេងទៀតកាលពីថ្ងៃសុក្រ បាននិយាយថា ការផ្គត់ផ្គង់ស្បៀងចូលក្នុងតំបន់ហ្គាហ្សាស្ទ្រីបកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
– តាមរបាយការណ៍ក៏បានកត់សម្គាល់ផងដែរថា លទ្ធភាពនៃកង្វះទទួលបានអាហារកាន់តែអាក្រក់ទៅៗ ដោយសារតម្លៃបានកើនឡើងជាងបីដងប្រៀបធៀបកាលពីឆ្នាំមុន។ ឯកសារដដែលនេះក៏បានអំពាវនាវឱ្យមានការគាំទ្រផ្នែកមនុស្សធម៌ជាបន្ទាន់ ដើម្បីបញ្ចៀសស្ថានការណ៍មហន្តរាយនៅក្នុងរង្វង់ហ្គាហ្សាស្រ្ទីប។
– ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលរបាយការណ៍នេះដោយនិយាយថាការវិភាគនេះគឺផ្អែកលើទិន្នន័យ លំអៀង។ ទន្ទឹមនោះកងកម្លាំងអ៊ីស្រាអែលក៏បានបន្តការវាយលុកកាលពីថ្ងៃអាទិត្យ ដោយផ្តោតជាចម្បងលើតំបន់ហ្គាហ្សាភាគខាងជើង។
– ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតា និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើ Jabalia បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 33 នាក់ស្លាប់ក្នុងនោះមានកុមារ 13 នាក់។ ទន្ទឹមនឹងនេះ ការជួបជុំមួយបានធ្វើឡើងនៅក្នុងទីក្រុងពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល Tel Aviv កាលពីថ្ងៃសៅរ៍ ដើម្បីប្រារព្ធខួប 400 ថ្ងៃចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមរវាងយោធាអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស នៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។

– ក្រុមបាតុករ រួមទាំងក្រុមគ្រួសាររបស់ប្រជាជនដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស បានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ផងដែរ៕
