ដោយះ សា វន្ត័
ខេត្តរតនគិរី÷ – ដង្ហែអង្គកឋិនទានសាមគ្គីនេះត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានលោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់ ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

– លុះព្រឹកឡើងថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កឋិនទានសាមគ្គីបានដង្ហែឆ្ពោះទៅកាន់វត្តអារញ្ញារាម(ហៅវត្តលំផាត់)ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នូ ថេរ អភិបាលស្រុកលំផាត់, លោក ខាំ សុទ្ធ, ជំទាវ ច័ន្ទ សានិត, ជំទាវ ច័ន្ទ ខាំឃឿ និងលោក លោកស្រី ជាមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលស្រុកលំផាត់ទាំងអស់ ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយយ៉ាងច្រើនកុះករ។

– នៅពេលអង្គកឋិនទានទៅដល់ទីអារាមខាងលើត្រូវបានទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងរីករាយពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត។ រួចក៏ហែរអង្គកឋិនទាន ប្រទាក់ក្សិណ៣ជុំព្រះវិហារ វេអង្គកឋិនទានប្រកេនព្រះសង្ឃ ក្រាលគ្រងជាកិច្ចបញ្ចប់នៃពិធីបុណ្យ។
– គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។

– ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំនត់ទុក៕




