អន្តរជាតិះ – ក្នុងបទសម្ភាសជាមួយ Fox News ភ្លាមៗក្រោយឈ្នះឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងមិនឲ្យសមាជិកគ្រួសារ ចូលកាន់តួនាទីណាមួយឡើយក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។
– បទសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, លោកត្រាំអះអាងថា «គ្រប់គ្រាន់ហើយសម្រាប់គ្រួសាររបស់ខ្ញុំ តើអ្នកដឹងទេថាហេតុអ្វី? នោះគឺដោយសារក្រុមគ្រួសារខ្ញុំឈឺចាប់ខ្លាំងណាស់ គ្រួសាររបស់ខ្ញុំបានឆ្លងកាត់នរក»។
– កាលពីអាណត្តិទីមួយ លោក ត្រាំ គឺជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ដោយកាន់តំណែងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១។ ក្នុងអណត្តិនោះ កូនស្រីលោកត្រាំ គឺ Ivanka និងកូនប្រសារ Jared Kushner កាន់តំណែងជាទីប្រឹក្សាដ៏សំខាន់របស់គាត់ ដែលនាំឲ្យពាក្យរិះគន់យ៉ាងខ្លាំង។
– លុះមកដល់ឆ្នាំ២០២២ នៅពេលឪពុកឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីម្តងទៀត អ្នកស្រី Ivanka ក៏ប្រកាសថា នាងនឹងលាឈប់ពីនយោបាយ ហើយងាកមកមើលថែកូនៗនិងគ្រួសារវិញ។
– អ្នកស្រីសម្រេចចិត្តបែបនេះស្របពេលឪពុក ត្រូវប្រឈមមុខនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌសហព័ន្ធជាច្រើន ទាក់ទងការកាន់កាប់ឯកសារសម្ងាត់ជាង១០០ឯកសារ ដែលគេរកឃើញពីអចលនទ្រព្យ Mar-a-Lago របស់គាត់នៅទីក្រុង Palm Beach នៃរដ្ឋ Florida។
– ទាំង Ivanka និងបងប្អូនគឺ Eric និង Donald Jr. សុទ្ធតែត្រូវគេដាក់ឈ្មោះចូលនៅក្នុងបណ្តឹងរដ្ឋប្បវេណីរបស់អគ្គមេធាវីញូវយ៉ក ហើយប្រឈមហានិភ័យផ្នែកច្បាប់ជាផ្នែកពាក់ព័ន្ធមុខជំនួញនៃត្រកូល ត្រាំ។
– សូមបញ្ជាក់ជាថ្មី លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានផ្តួលលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក និងក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២៕
