ភ្នំពេញ៖ បន្ទាប់ពីពិភពលោកទាំងមូល ដឹងថា លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកសាជាថ្មី (ទោះលទ្ធផលផ្លូវការមិនទាន់ចេញក្តី) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានផ្ញើសារទៅចូលរួមអបអរសាទរលោកភ្លាមៗតែម្តង។ ក្នុងលិខិតចុះកាលបរិច្ឆេទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សរសេរទៅកាន់លោកត្រាំ យ៉ាងដូច្នេះថា៖«ការវិលត្រឡប់របស់ឯកឧត្តម [មកធ្វើជាប្រធានាធិបតីនាពេលនេះ] គឺចំពេលដ៏សំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋអាម៉េរិកផង និងសម្រាប់ពិភពលោកទាំងមូលផង»។

សូមបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន និងសង្គ្រាមអ៊ីស្រាអែល-អ៊ឺរ៉ង់ បូករួមទាំងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែម្តងហើយម្តងទៀតពីសំណាក់ប្រទេសមួយចំនួន ត្រូវគេចាត់ទុកថា ជាបញ្ហាធំៗរបស់ពិភពលោកសព្វថ្ងៃនេះ។ តាមរយៈលិខិតដដែល មេដឹកនាំកម្ពុជា បង្ហាញការជឿជាក់លើលោកត្រាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក សហរដ្ឋអាម៉េរិក នឹងអាចលើកកម្ពស់ស្ថិរភាព សន្តិសុខ និងវិបុលភាពបន្ថែមទៀត។

ក្រៅពីបរិបទពិភពលោក សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលេចអំពីទំនាក់ទំនងកម្ពុជា-អាម៉េរិកផងដែរ។ សម្តេចលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណងមិត្តភាពជាមួយអាម៉េរិក។ សម្តេចសង្កត់ធ្ងន់ថា កម្ពុជា ប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរបស់លោកត្រាំ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

គិតត្រឹមម៉ោង៦កន្លះល្លាច (ម៉ោងនៅកម្ពុជា) លោកត្រាំ បានទទួលសំឡេងប្រតិភូដល់ទៅ២៧៧ហើយ ខណៈលោកស្រី កាម៉ាឡា ហារីស ទើបទទួលបាន២២៤សំឡេង ក្នុងការបោះឆ្នោត នៅថ្ងៃទី៦វិច្ឆិកានេះ។ អ្នកដែលទទួលបានសំឡេងប្រតិភូត្រឹម២៧០មុន នឹងឈ្នះការបោះឆ្នោត ហើយនឹងក្លាយជាប្រធានាធិបតីអាម៉េរិក។ ឈរលើវេទិកាជួបជុំអ្នកគាំទ្រក្នុងរដ្ឋហ្វ័ររីដា លោកត្រាំ ដែលមានវ័យជិត៨០ឆ្នាំហើយនោះ បានអរគុណប្រជាពលរដ្ឋអាម៉េរិក ដែលបោះឆ្នោតឱ្យលោកក្លាយជាប្រធានាធិបតីជាលើកទី២។ បើគ្មានអ្វីប្រែប្រួលទេ លោកនឹងចូលកាន់តំណែងចាប់ពីដើមឆ្នាំ២០២៥ទៅ រហូតដល់ដើមឆ្នាំ២០២៩។ មហាសេដ្ឋីរូបនេះ ធ្លាប់ក្លាយជាប្រធានាធិបតីលើកទី១ម្តងរួចមកហើយ កាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២១។ បណ្តាមេដឹកនាំនានាលើពិភពលោក ចាប់ផ្តើមនាំគ្នាផ្ញើសារចូលរួមអបអរសាទរលោកជាបន្តបន្ទាប់៕

