ម៉ិកស៊ិក៖ ក្បួនជនចំណាកស្រុកប្រមាណ៣០០០នាក់ បានចេញដំណើរកាលពីថ្ងៃអង្គារទី៥ ខែវិច្ឆិកា ពីភាគខាងត្បូងប្រទេសម៉ិកស៊ិកឆ្ពោះសំដៅទៅកាន់សហរដ្ឋអាម៉េរិក ចំពេលអ្នកបោះឆ្នោតអាម៉េរិកកំពុងសម្រេចចិត្តដ៏តានតឹង រវាងបេក្ខជនប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ។ អន្តោប្រវេសន៍គឺជាបញ្ហាដ៏រ៉ាំរ៉ៃនៅក្នុងយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក…។

មុនពេលធ្វើដំណើរទៅភាគខាងជើងនៃប្រទេសម៉ិកស៊ិក ជនចំណាកស្រុកបានប្រមូលផ្តុំគ្នានៅទីក្រុង Tapachula នៃរដ្ឋ Chiapas ភាគខាងត្បូង ដោយពួកគេបានកាន់បដាសរសេរថា«NO MORE MIGRANT BLOOD» មានន័យជាខេមរភាសាថា «គ្មានការបង្ហូរឈាមជនអន្តោរប្រវេសន៍តទៅទៀតទេ»។ លើសពីនេះ ពួកគេក៏បានលើកបដានៃនិមិត្តសញ្ញាសាសនា និងវប្បធម៌ដ៏សំខាន់នៅក្នុងប្រទេសម៉ិកស៊ិកផងដែរ។ តាមពិតទៅ ទីក្រុង Tapachula គឺជាចំណុចឆ្លងកាត់ចាំបាច់សម្រាប់ជនចំណាកស្រុករាប់ម៉ឺននាក់ ខណៈទីក្រុងនេះជាទីតាំងមានអំពើហិង្សាបំផុតមួយរបស់ប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយជនចំណាកស្រុកជារឿយៗត្រូវកំណត់គោលដៅដោយឧក្រិដ្ឋកម្មរៀបចំទុកជាមុន។

ជនចំណាកស្រុកបាននិយាយទាំងខ្សឹកខ្សួលអួលដើម-កថា៖«យើងចង់ឱ្យអាជ្ញាធរសហរដ្ឋអាម៉េរិក យកចិត្តទុកដាក់លើពួកយើង ឱ្យយើងបានធ្វើការងារ មិនមែនធ្វើបាបពួកយើងទេ[..]»។ អ្នកផ្សេងទៀតបង្ហាញអារម្មណ៍សោកសៅថា៖«ខ្ញុំសូមឱ្យលោក ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ចាត់ទុកពួកយើងជាមនុស្ស យើងចង់រស់នៅ និងផ្គត់ផ្គង់គ្រួសាររបស់យើង»។ មែនទែនទៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្បួនរថយន្តជាច្រើន បានព្យាយាមចូលទៅដល់ព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក ខណៈរថយន្តទាំងនោះដឹកជនអន្តោរប្រវេសន៍៕


