ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ក្នុងខែតុលា ឆ្នាំ២០២៤ បាននអនុម័តគម្រោងថ្មីចំនួន៣០ និងគម្រោងពង្រីកផលិតកម្មចំនួន១ ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក ឱ្យវិនិយោគនៅកម្ពុជា។ នេះបើតាមរបាយការណ៍បង្ហាញដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមរបាយការណ៍គម្រោងទាំងនោះ នឹងអាចបង្កើតការងារបានប្រមាណ១៦ពាន់កន្លែងដល់ពលរដ្ឋដែលរស់នៅកម្ពុជា។ ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង៣១ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប គម្រោងបង្កើតរោងចក្រ ផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារបរិក្ខាសម្រាប់បោះតង់ គ្រឿងសង្ហារឹម គ្រឿងតុបតែងលម្អ និងគម្រោងផ្សេងៗ ។ល។ CDC បញ្ជាក់បន្ថែមថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៣១ មានគម្រោងចំនួន១០នឹងត្រូវវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណៈគម្រោងចំនួន២១ផ្សេងទៀត នឹងត្រូវវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងបន្ថែមថា ចំពោះការវិនិយោគក្នុងខែតុលាឆ្នាំនេះ ប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥៣,៣៩ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្ដប់២៩,៤៧ភាគរយ នៃទុនវិនិយោគសរុប។

សូមរំឭកថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៩០ មានទុនវិនិយោគសរុបប្រមាណជាង៣,២ពាន់លានដុល្លារ។ ធ្វើឱ្យកំណើនគម្រោងវិនិយោគនៅកម្ពុជា កើនឡើងចំនួន៧៧គម្រោង និងកើនទុនវិនិយោគប្រមាណជាង២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការកើនឡើងនោះបានបន្ថែមការងារឱ្យពលរដ្ឋរស់នៅក្នុងប្រទេស ជាង១៦ម៉ឺនកន្លែងទាំងនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស។ នេះបើតាមរបាយការណ៍បង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ៕


