ភ្នំពេញ៖ ក្រោយសួរចប់ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចយក អ្នកឧកញ៉ា លី សាម៉េត ទៅឃុំបណ្តោះអាសន្ននៅមណ្ឌលកែប្រែទី១ (ម១) នៃពន្ធនាគារព្រៃស ក្រោមបទឆបោក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក លី សាម៉េត ដែលគេដឹងថា មានងារជាអ្នកឧញ៉ា និងធ្លាប់ប្រកាសខ្លួនឯងថាជាបណ្ឌិតផងនោះ ត្រូវចៅក្រមស៊ើបសួរ អះអាងក្នុងដីកាថា លោកមិនមានកម្រិតវប្បធម៌ឡើយ ហើយមិនចេះអក្សរនោះទេ។

កាលពីមិនទាន់ជាប់ក្តីក្តាំ! ពេលទៅចូលរួមធ្វើជាអធិបតីក្នុងកម្មវិធីអ្វីមួយ អ្នករៀបចំកម្មវិធី តែងសរសេរលើបដា ឬលើផ្ទាំងកម្មវិធីអំពីមុខងារ និងគោរមងាររបស់លោកថា ក្រោមអធិបតីភាពរបស់ «ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា លី សាម៉េត»។ លោក លី សាម៉េត ដែលបច្ចុប្បន្នមានវ័យ៧១ឆ្នាំ ត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ក្រោយលាក់ខ្លួនពីសមត្ថកិច្ចអស់ជិត១ខែ។ សមត្ថកិច្ច តាមរកលោក បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទម្លាយថា លោកយកឈ្មោះសម្តេចទៅដើរបោកប្រាស់យកប្រាក់ពីអ្នកដទៃ។ នៅថ្ងៃទី៤ ខែវិច្ឆិកា គឺជាថ្ងៃដែលលោកសម្រេចចិត្តចេញមុខសូមទោសតាមរយៈវីដេអូ ទៅកាន់សម្តេចប្រធាព្រឹទ្ធសភា និងសារភាពកំហុសចំពោះអំពើឆបោក ហើយក៏ជាថ្ងៃដែលលោកត្រូវចាប់ខ្លួនដែរ ដោយការចេញមុខសូមទោសនេះ ពុំអាចជួយឱ្យលោករួចខ្លួនឡើយ។

នៅមានមនុស្សមួយចំនួនទៀត ដោយក្នុងនោះ សូម្បីតែជំនួយការម្នាក់របស់សម្តេចតេជោ គឺ លោក ដួង តារា ក៏ជាប់ពាក់ព័ន្ធនឹងរឿងឆបោកជាមួយលោក លី សាម៉េត ដែរ។ លោក ដួង តារា ត្រូវសមត្ថកិច្ចចាប់ខ្លួន និងកំពុងរង់ចាំការកាត់ទោស ក្រោមបទឆបោកនេះ។ ចំណែក លោក កន សុខកាយ ត្រូវបានដកចេញពីតំណែងជាអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដោយសារសូកលុយ៣០ម៉ឺនដុល្លារ ទៅលោក លី សាម៉េត ឱ្យជួយរត់ការ ដើម្បីបានទៅកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។ មកដល់ពេលនេះ ដំណឹងពីលោក កន សុខកាយ នៅតែស្ងាត់ជ្រាប ដោយគេពុំទាន់ដឹងថា លោកនឹងត្រូវប្រឈមមុខនឹងច្បាប់ដែរ ឬក៏យ៉ាងណានោះទេ៕
