ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារទី៥វិច្ឆិកា បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូវ កាឡិន (Yoav Gallant) ជំនួសដោយលោក អ៊ីស្រាអែល ខាត់ (Israel Katz) ដែលពីមុនជារដ្ឋមន្ត្រីការបរទេស ក្រោយមានវិបត្តិទំនុកចិត្តរវាងគ្នា…។
កាលពីព្រឹកថ្ងៃអង្គារ កងកម្លាំងអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសថ្មីនៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានវាយប្រហារយោធា ដែលគ្រូពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានឱ្យដឹងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់ ចាប់តាំងពីយប់ថ្ងៃចន្ទ។ ការិយាល័យរបស់លោក នេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីតែងតាំងលោក គីឌៀន សា (Gideon Saar) ជារដ្ឋមន្ត្រីការបរទេសថ្មី។

លោក កាឡិន និងលោក នេតាន់យ៉ាហ៊ូ ដែលស្ថិតក្នុងគណបក្សស្តាំនិយម Likud បានប៉ះទង្គិចគ្នាអស់ជាច្រើនខែ ជុំវិញគោលបំណងនៃសង្រ្គាមរយៈពេល១៣ខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ លោក នេតាន់យ៉ាហ៊ូ បាននិយាយថា លោក កាឡិន ធ្វើសេចក្តីថ្លែងការណ៍ផ្ទុយនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល និងការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី។ ជាការឆ្លើយតប លោក កាឡិន បាននិយាយថា៖«សន្តិសុខនៃរដ្ឋអ៊ីស្រាអែលតែងតែមាន ហើយនឹងនៅតែជាបេសកកម្មនៃជីវិតរបស់ខ្ញុំជានិច្ច»។

យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីនជាង៤៣៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមជាងមួយឆ្នាំនៅហ្កាហ្សា ហើយដែនដីភាគច្រើនបានក្លាយជាគំនរនៃអាគារបាក់បែក។ សង្គ្រាមបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់មនុស្ស២៥១នាក់ជាចំណាប់ខ្មាំង។ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ អំពើហិង្សាបានកើនឡើងនៅតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយកងកម្លាំងអ៊ីស្រាអែល ការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងការប្រយុទ្ធគ្នាដោយកាំភ្លើងជាទៀងទាត់រវាងកងកម្លាំងសន្តិសុខ និងយុទ្ធជនប៉ាឡេស្ទីន៕


