វ៉ាស៊ីនតោន៖ ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ឆ្នាំ២០២៤ បានធ្វើឡើងកាលពីថ្ងៃទី៥ វិច្ឆិកា ត្រូវបានកំណត់ថា នឹងក្លាយទៅជាការបោះឆ្នោតដែលមានការចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងទឹកប្រាក់សរុបឈានដល់១៥,៩ពាន់លានដុល្លារ។

យោងតាមអង្គការមិនរកប្រាក់ចំណេញ Open Secrets ការចំណាយនៅឆ្នាំនេះ នឹងលើសពីទឹកប្រាក់១៥,១ពាន់លានដុល្លារអាម៉េរិក ចំណាយក្នុងឆ្នាំ២០២០ និងច្រើនជាងពីរដងនៃការចំណាយចំនួន៦,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៦។ នៅក្នុងការប្រណាំងប្រជែងតំណែងប្រធានាធិបតីដ៏ក្ដៅគគុក អនុប្រធានាធិបតី កាម៉ាឡា ហារីស បានក្លាយជាអ្នករៃអង្គាសប្រាក់បានច្រើនជាងគេ។ យុទ្ធនាការរបស់លោកស្រីផ្ទាល់បានរៃអង្គាសប្រាក់បានជាង១ពាន់លានដុល្លារអាម៉េរិក ដោយ៤០ភាគរយបានមកពីម្ចាស់ជំនួយតូចៗ បូកបន្ថែម៥៨៦លានដុល្លារអាម៉េរិកពីការគាំទ្រដល់គណៈកម្មាធិការសកម្មភាពនយោបាយ។ យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ រៃអង្គាសប្រាក់បាន ៣៨២លានដុល្លារ ដោយផ្ទាល់ ក្នុងនោះ ២៨ភាគរយបានមកពីម្ចាស់ជំនួយតូចៗ ខណៈគណៈកម្មាធិការពាក់ព័ន្ធបានរួមចំណែក៦៩៤លានដុល្លារអាម៉េរិក។

ម្ចាស់ជំនួយធំជាងគេ គឺ លោក ធីម៉ូធី ម៉េឡុន (Timothy Mellon) ជាអ្នកស្នងមរតកផ្នែកធនាគារវ័យ៨២ឆ្នាំ ដោយបានបរិច្ចាគទឹកប្រាក់១៩៧លានដុល្លារអាម៉េរិកដល់លោក ត្រាំ និងបក្សសាធារណរដ្ឋ។ អ្នកគាំទ្របក្សសាធារណៈរដ្ឋសំខាន់ៗផ្សេងទៀតរួមមាន លោក រីឆាត (Richard) និងលោកស្រី អេលីហ្សាបែត យូហេលីន (Elizabeth Uihlein) មកពីឧស្សាហកម្មវេចខ្ចប់ មហាសេដ្ឋី កាស៊ីណូ មីរៀម អាឌែលសុន (Miriam Adelson) នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក អេឡុន ម៉ាស និងអ្នកវិនិយោគមូលនិធិការពារហានិភ័យ លោក ខេនណេត ហ្គ្រីហ្វីន (Kenneth Griffin) ដែលម្នាក់ៗបានរួមចំណែកជាង១០០លានដុល្លារអាម៉េរិក ដល់លោក ត្រាំ និងបក្សសាធារណរដ្ឋ។

ដោយឡែក សម្រាប់គណបក្សប្រជាធិបតេយ្យ លោក ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) ជាម្ចាស់ជំនួយជួយច្រើនជាងគេ ដោយបានរួមចំណែកប្រហែល ៩៣លានដុល្លារអាម៉េរិក។ លោក ចច សូរ៉ូស (George Soros) បានផ្តល់ប្រាក់ចំនួន៥៦លានដុល្លារអាម៉េរិក តាមរយៈគណៈកម្មាធិការសកម្មភាពនយោបាយរបស់ខ្លួន។ សរុបទាំងអស់ទឹកប្រាក់ចំនួន១០,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានចំណាយលើការផ្សាយពាណិជ្ជកម្មសម្រាប់យុទ្ធនាការ ចាប់ពីប្រធានាធិបតីរហូតដល់មន្ត្រីក្នុងតំបន់ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រុមហ៊ុនតាមដានការផ្សាយពាណិជ្ជកម្ម AdImpact។ យុទ្ធនាការប្រធានាធិបតីរបស់លោកស្រី ហារីស និងលោក ត្រាំ បានចំណាយប្រាក់ចំនួន២,៦ពាន់លានដុល្លារអាម៉េរិក លើការផ្សាយពាណិជ្ជកម្មចាប់ពីខែមីនាដល់ថ្ងៃទី១ ខែវិច្ឆិកា។

គណបក្សប្រជាធិបតេយ្យបានចំណាយប្រាក់ចំនួន១,៦ពាន់លានដុល្លារអាម៉េរិក ខណៈគណបក្សសាធារណរដ្ឋ បានវិនិយោគចំនួន៩៩៣លានដុល្លារ។ ប្រធានបទដែលមានប្រជាប្រិយភាពនៅក្នុងការផ្សាយគោលនយោបាយរបស់លោកស្រី ហារីស គឺការយកពន្ធ សិទ្ធិរំលូតកូន សេដ្ឋកិច្ច និងការថែទាំសុខភាព។ ចំពោះគោលនយោបាយរបស់លោក ត្រាំ បានគូសបញ្ជាក់ជាចម្បងអំពីអន្តោប្រវេសន៍ អតិផរណា ឧក្រិដ្ឋកម្ម ការយកពន្ធ ក៏ដូចជាសេដ្ឋកិច្ចផងដែរ។ រដ្ឋផេនស៊ីលវេនៀ បាននាំមុខការចំណាយសម្រាប់ការប្រកួតប្រជែងប្រធានាធិបតីធៀបនឹងរដ្ឋផ្សេងៗទៀត ក្នុងចំនួនទឹកប្រាក់ ២៦៤លានដុល្លារអាម៉េរិក បន្ទាប់មកគឺរដ្ឋមីឈីហ្គេន ចំនួន១៥១លានដុល្លារ និងចចចៀចំនួន១៤៧លានដុល្លារ។

វេទិកាឌីជីថលទទួលបាន៤១៩លានដុល្លារអាម៉េរិក ក្នុងការផ្សាយពាណិជ្ជកម្មប្រធានាធិបតី តំណាងឱ្យត្រឹមតែ១៧ភាគរយនៃការចំណាយសរុប។ AdImpact បានឱ្យដឹងថា នៅលើវេទិការបស់ក្រុមហ៊ុនមេតា រួមមាន៖ ហ្វេសប៊ុក និង អ៊ីស្តាក្រាម គណបក្សប្រជាធិបតេយ្យ បានចំណាយលើសពី១៣២,៤លានដុល្លារ ខណៈគណបក្សសាធារណរដ្ឋចំណាយអស់២៤,៧លានដុល្លារ។ ដោយឡែក នៅលើកម្មវិធី X គណបក្សសាធារណរដ្ឋ បានដឹកនាំការចំណាយ១,១លានដុល្លារ ខណៈគណបក្សប្រជាធិបតេយ្យចាយអស់១៥០០០០ដុល្លារ៕
