ទណ្ឌិត៣៩០នាក់ នឹងត្រូវបន្ថយទោស ដោះលែង ក្នុងថ្ងៃ៩វិច្ឆិកា និងបុណ្យអុំទូកឆ្នាំ២០២៤

ភ្នំពេញ៖ រៀងរាល់ឆ្នាំពេលបុណ្យជាតិ និងព្រឹត្ដិការណ៍ជាតិធំៗ គេតែងសង្កេតឃើញ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់តែងឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យ ដើម្បីព្រះរាជទានផ្ដល់នូវការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលជាប់ឃុំក្នុងពន្ធនាគារ។ ហាក់មិនខុសពីសព្វមួយដង ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក ឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគណៈកម្មការថ្នាក់ជាតិ បានពិនិត្យវាយតម្លៃឱ្យទណ្ឌិត​ ៣៩០នាក់ អាចទទួលការបន្ថយទោស និងដោះលែង..។

ព្រះមហាក្សត្រកម្ពុជា
ព្រះមហាក្សត្រកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន៦៧១នាក់ (ស្រី៥៩នាក់)។ ក្នុងនោះសម្រាប់ពិធីបុណ្យឯករាជ្យជាតិ មានទណ្ឌិតចំនួន៣៦៣នាក់ (ស្រី២៨នាក់) និងសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានទណ្ឌិតចំនួន៣០៨នាក់ (ស្រី៣១នាក់) ដែលទទួលពីពន្ធនាគាររាជធានី-ខេត្តចំនួន២២ មណ្ឌលអប់រំកែប្រែចំនួន៤ និងមណ្ឌលយុវនីតិសម្បទាស។

ជាលទ្ធផល គណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ អាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោសមានចំនួន៣៩០នាក់ (ស្រី៣៥នាក់)។ ក្នុងនោះរួមមាន៖ ទណ្ឌិតចំនួន៣០៤នាក់ (ស្រី២៤នាក់) អាចទទួលការបន្ថយទោសរយៈពេល៣ខែ។ ទណ្ឌិតចំនួន៨១នាក់ (ស្រី១១នាក់) អាចទទួលការបន្ថយទោសរយៈពេល៦ខែ។ ទណ្ឌិតចំនួន ៤នាក់ អាចទទួលការបន្ថយទោសរយៈពេល៩ខែ និងទណ្ឌិតចំនួនម្នាក់ អាចទទួលការលើកលែងទោស។

រូបភាពតំណាង។ ប្រភព(internet)
រូបភាពតំណាង។ ប្រភព(internet)

ដោយឡែក ចំពោះទណ្ឌិតចំនួន២៨១នាក់ផ្សេងទៀត គឺសុទ្ធតែជាទណ្ឌិតប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅដែលពាក់ព័ន្ធ ករណីគ្រឿងញៀន ករណីក្មេងទំនើង ករណីឃាតកម្ម ករណីជួញដូរមនុស្ស ករណីរំលោភលើអនីតិជន និងករណីឪពុក ឬជីតារំលោភលើកូន ឬចៅរបស់ខ្លួន គណៈកម្មការថ្នាក់ជាតិបានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសនោះទេ។ សូមរំឭកថា កន្លងទៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤ ក៏មានទណ្ឌិតចំនួន៥២​នាក់ ត្រូវបានស្នើបន្ធូរបន្ថយ​ និងលើកលែងទោសដូចគ្នា។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 

គួរជម្រាបថា យោងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជាមាត្រា២៧ បានបញ្ញត្តិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ចំពោះលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោសនេះ ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ គឺការបន្ធូរបន្ថយ និងការលើកលែងទោសចំពោះទណ្ឌិតត្រូវកំណត់អាចស្នើសុំ៥ដងក្នុង១ឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ធំៗ ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើបានដែរក្នុងពិធីបុណ្យ ឬព្រឹត្ដិការណ៍ធំៗរបស់ជាតិ ហើយអាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ដោយដាច់ដោយឡែក ឬរួមគ្នាផងដែរ៕

រូបភាពតំណាង។ ប្រភព(internet)

You might like