អន្តរជាតិះ- ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយអះអាងថា មានទាហានកូរ៉េខាងជើងចំនួន ១១,០០០ នាក់រួចទៅហើយ នៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន។
– នៅក្នុងសុន្ទរកថា ជាវីដេអូទៅកាន់ប្រជាជាតិកាលពីថ្ងៃចន្ទ លោក Zelenskyy បានបញ្ជាក់ថា របាយការណ៍ចារកម្មបានឲ្យដឹងថា មានទាហានកូរ៉េខាងជើងនៅទីនោះប្រាកដមែន ប៉ុន្តែលោកបានលើកទ្បើងថា ជាអកុសល ទាហានទាំងនោះវាមិនមែនជាការកើនឡើងនៃកម្លាំងរបស់ដៃគូយើងនោះទេ។
– កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Zelensky បាននិយាយថា អ៊ុយក្រែនអាចមើលឃើញគ្រប់ទីកន្លែងដែលប្រជាជនកូរ៉េខាងជើងកំពុងជួបជុំគ្នានៅលើទឹកដីរុស្ស៊ី។ ក្រោមលេសនោះលោកបានអំពាវនាវឲ្យប្រទេសលោកខាងលិចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅក្នុងប្រទេសរុស្ស៊ី។
– អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា នាយកដ្ឋានវាយតម្លៃថា ទាហានកូរ៉េខាងជើង រហូតដល់ទៅ ១០,០០០នាក់ បានធ្វើដំណើរទៅកាន់ទីក្រុង Kursk របស់រុស្ស៊ី។ លោកបានបន្ថែមថា ពួកគេអាចនឹងចូលប្រយុទ្ធនៅប៉ុន្មានថ្ងៃខាងមុខនេះ។

– ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោល Rustem Umerov បានប្រាប់ទូរទស្សន៍កូរ៉េខាងត្បូងថា ទាហានអ៊ុយក្រែន និងទាហានកូរ៉េខាងជើងបានប្រឈមមុខដាក់គ្នាជាលើកដំបូងរួចហើយ។ ដោយយោងទៅលើរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Pat Ryder បាននិយាយថា យើងកំពុងពិនិត្យមើលទៅលើរបាយការណ៍ទាំងនោះ ប៉ុន្តែនៅពេលនេះ មិនអាចបញ្ជាក់របាយការណ៍ទាំងនោះបាននៅទ្បើយទេ។ លោកបានបន្ថែមថា ប្រសិនបើកងទ័ពកូរ៉េខាងជើងចូលរួមក្នុងប្រតិបត្តិការគាំទ្រការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ពួកគេនឹងក្លាយទៅជាគោលដៅយោធាស្របច្បាប់សម្រាប់ការវាយប្រហារហើយ៕
