បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់ថា គ្មានការសង្ស័យទេ កោះគុតជាទឹកដីអធិបតេយ្យភាពរបស់ថៃ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការបញ្ចូលកោះនេះនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ជាមួយកម្ពុជា ដើម្បីគ្រប់គ្រងធនធាននៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា។ លោកស្រីបន្តថា ទាំងថៃ និងកម្ពុជា ទទួលស្គាល់កោះគុតជាទឹកដីថៃ ក្រោមសន្ធិសញ្ញាបារាំង ដោយភាគីកម្ពុជាមិនបានទាមទារយកកោះនេះឡើយ។

លោកស្រីបានដោះស្រាយការយល់ច្រឡំដែលកំពុងរីករាលពាសពេញសង្គមថៃ ដោយលើកឡើងថា វាអាចកើតចេញពីក្នុងប្រទេសថៃ និងបានធានាដល់សាធារណជនអំពីស្ថានភាពច្បាស់លាស់របស់កោះគុតជាទឹកដីថៃ។ ទាក់ទងនឹង MOU 44 ក្របខ័ណ្ឌសម្រាប់ការចរចាតំបន់ដែនសមុទ្ទត្រួតស៊ីគ្នារវាងប្រទេសថៃ និងកម្ពុជា លោកស្រី ផែថងថាន បានសង្កត់ធ្ងន់ថា៖«វានៅតែជាធរមាន និងមិនអាចលុបចោលជាឯកតោភាគីបានទេព្រោះវាជាកិច្ចព្រមព្រៀងអន្តរជាតិដែលទាមទារការយល់ព្រមពីប្រទេសទាំងពីរ»។ លោកស្រីបញ្ជាក់ថា «MOU44» មិនពាក់ព័ន្ធនឹងកោះគុតទេ ព្រោះខ្សែព្រំដែនកម្ពុជានៅលើផែនទីមិនរាប់បញ្ចូលកោះនោះទេ។ ការពិភាក្សាក្រោម MOU44 ផ្តោតតែលើតំបន់ដែនសមុទ្ទដែលមានការបកស្រាយព្រំដែនខុសៗគ្នា ដូច្នេះទាមទារឱ្យមានការចរចាទ្វេភាគី។

លោកស្រីនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា គណៈកម្មាធិការការងារត្រូវដោះស្រាយការពិភាក្សាអំពីព្រំដែនសមុទ្ទ។ កម្ពុជាមានគណៈកម្មាធិការមួយរួចហើយ ប៉ុន្តែដោយសារការផ្លាស់ប្ដូររដ្ឋាភិបាលរបស់ថៃ គណៈកម្មាធិការរបស់ថៃនឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នៅពេលបង្កើតឡើង គណៈកម្មាធិការនេះនឹងសិក្សា និងកំណត់វិធីល្អបំផុតដើម្បីបន្តការពិភាក្សា។ លោកស្រី ផែថងថាន ក៏បានច្រានចោលការយល់ខុសដែលថា ការរក្សា MOU44 បង្កប់ន័យថា ប្រទេសថៃទទួលយកការទាមទារព្រំដែនរបស់កម្ពុជា។ លោកស្រីបានពន្យល់ថា MOU44 មានពិតប្រាកដដោយសារតែការបកស្រាយព្រំដែនខុសគ្នា ក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ កម្ពុជាបានកំណត់ព្រំដែនសមុទ្ទនៅឆ្នាំ១៩៧២ បន្តដោយថៃនៅឆ្នាំ១៩៧៣ ដែលនាំឱ្យមានការបង្កើត MOU ជាមូលដ្ឋានសម្រាប់ការសន្ទនា។

ឆ្លើយតបនឹងការអះអាងដែលថា គណៈរដ្ឋមន្ត្រីពីមុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បានលុបចោល MOU44 នោះ លោកស្រីបានបំភ្លឺថា វាមិនអាចទុកជាមោឃៈបានទេ ប្រសិនបើគ្មានការព្រមព្រៀងគ្នា និងការយល់ព្រមពីសភា ដែលតម្រូវដោយច្បាប់។ ចំពោះការអំពាវនាវឱ្យលុបចោល MOU44 ដើម្បីជៀសវាងជម្លោះនាពេលខាងមុខ កូនស្រីពៅរបស់លោក ថាក់ស៊ីន រូបនេះបានចោទសួរអំពីហេតុផលដោយសង្កត់ធ្ងន់ថា ទស្សនៈខុសគ្នារវាងប្រជាជាតិទាំង២ ទាមទារឱ្យមានកិច្ចព្រមព្រៀង ដើម្បីសម្រួលដល់ការពិភាក្សាដោយសន្តិវិធី។ MOU អនុញ្ញាតឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីទប់ស្កាត់ជម្លោះ ហើយការលុបចោលឯកតោភាគីអាចនាំឱ្យកម្ពុជា ចាត់វិធានការផ្លូវច្បាប់ ដោយមិនផ្តល់ផលប្រយោជន៍ជាក់ស្តែង។

លោកស្រីបានជំរុញកុំឱ្យបញ្ហានយោបាយរំខានដល់ទំនាក់ទំនងអន្តរជាតិ ដោយកត់សម្គាល់ថា ដៃគូចម្រុះគាំទ្រការបន្តការងារក្រោម MOU44។ លោកស្រីបានលើកឡើងថា៖«ដើម្បីឱ្យច្បាស់ វាមិនមានហេតុផលលាក់កំបាំងទេ។ នេះគ្រាន់តែជាក្របខណ្ឌច្បាប់ មិនមែនជាបន្ទុកសម្រាប់ខ្ញុំទេ»។ ស្តីពីវិធីសាស្ដ្ររបស់ប្រទេសថៃ ចំពោះផលប្រយោជន៍រួមដែនសមុទ្ទ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវការចែករំលែកធនធានប្រកបដោយសមធម៌ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។ នៅពេលសួរថា តើទំនាក់ទំនងវិជ្ជមានរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមួយកម្ពុជា អាចជួយក្នុងការពិភាក្សាដែរឬទេ លោកស្រីបានទទួលស្គាល់ថាទំនាក់ទំនងល្អអាចជំរុញទំនាក់ទំនងដ៏រឹងមាំ ស្រដៀងទៅនឹងការបើកកិច្ចសន្ទនារវាងមិត្តជិតស្និទ្ធ។ យ៉ាងណាក៏ដោយ លោកស្រីបញ្ជាក់ថា ប្រយោជន៍ជាតិគួរតែចាត់ចែងដោយគណៈកម្មាធិការ ដើម្បីបញ្ចៀសការប្រឆាំង។ សម្រាប់បញ្ហាជាតិសំខាន់ៗ វិធីសាស្ដ្ររបស់គណៈកម្មាធិការផ្តល់នូវការសម្រេចចិត្តប្រកបដោយតុល្យភាព ផ្តល់ព័ត៌មាន និងយុត្តិធម៌។

ជាចុងក្រោយ លោកស្រីនាយករដ្ឋមន្ត្រីបានរាយរាប់ថា៖«ខ្ញុំបញ្ជាក់ថា រដ្ឋាភិបាលនឹងការពារផលប្រយោជន៍ជាតិឱ្យបានពេញលេញ ព្រោះខ្ញុំជាជនជាតិថៃ ១០០ ភាគរយ ហើយថៃ និងប្រជាជនជាអាទិភាព។ រដ្ឋាភិបាលប្តេជ្ញាការពារទឹកដីរបស់ប្រទេសថៃទាំងស្រុង និងធានានូវសុភមង្គលរបស់ប្រជាជន នោះគឺជាបេសកកម្មរបស់យើង»។

គួរបញ្ជាក់ថា កោះគុត បានក្លាយជាប្រធានបទក្ដៅនៅពេលដែលឥស្សរជនសំខាន់ៗនៃគណបក្សផាឡាង ប្រាឆារ៉ាត់ (PPRP) ធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃសប្តាហ៍មុន ដើម្បីប្រឆាំងនឹងការពិភាក្សា ស្តីពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេង និងឧស្ម័ននៅឈូងសមុទ្ទ ក្រោមក្របខណ្ឌអនុស្សរណៈនៃការយោគយល់ (MoU) ឆ្នាំ២០០១ ដែលពួកគេអះអាងថា អាចបណ្តាលឱ្យប្រទេសថៃបាត់បង់ទឹកដី។ គណបក្សផាឡាង ប្រាឆារ៉ាត់ នឹងដាក់លិខិតចំហមួយទៅកាន់លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា ដោយជំរុញឱ្យលោកស្រីបញ្ឈប់កិច្ចចរចាទាំងនេះ។ MoU ដើមឡើយត្រូវបានចុះហត្ថលេខាក្រោមរាជរដ្ឋាភិបាល ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោក ធីរ៉ាឆៃ ភូវ៉ាណាតណារ៉ានូបាឡា អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសិក្សារបស់បក្ស ផាឡាំង ប្រាឆារ៉ាត់ បានអះអាងថា MoU រួមមាន៖ ការទាមទារទឹកដីដោយប្រទេសកម្ពុជា ដែលផ្ទុយនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ធ្វើឱ្យ MoU ខុសច្បាប់៕


