ភ្នំពេញ៖ ករណីរំដោះអ្នកទោសចេញពីពន្ធនាគារខេត្តស្វាយរៀង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចវៀតណាម ឈានដល់ការចាប់ខ្លួនមនុស្ស២នាក់ ដោយម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ទៀតជាអ្នកមករំដោះ…។
ការចាប់ខ្លួនបានមកវិញនោះ គឺធ្វើឡើងនៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បន្ទាប់ជនសង្សយ័និងក្រមមករំដោះ កំពុងព្យាយាមគេចខ្លួន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាក់កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកានេះថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦:៤០នាទី ឈ្មោះ ង្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុកឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល ៥នាទី ង្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ រួចទណ្ឌិត តុងហ្វឹង បានរត់តាមក្រោយ ដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីបក្ខពួកដែលទៅសួរសុខទុក្ខនោះ ភ្ជង់ទៅលើមន្ត្រីការពារ ហើយឡើងម៉ូតូរត់គេចខ្លួន។

នគរបាលព្រហ្មទណ្ឌបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធបើកការស៊ើបអង្កេត និងស្រាវជ្រាវរកទណ្ឌិត និងបក្ខពួកនោះយ៉ាងយកចិត្តទុកដាក់ និងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ចវៀតណាម ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ជាអ្នកមករំដោះ។ ក្រោយឃាត់ខ្លួន បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕





