កុមារ១៣នាក់ ត្រូវរន្ទះបាញ់ស្លាប់ ពេលធ្វើពិធីអធិស្ឋានទាំងមេឃភ្លៀង នៅប្រទេស អ៊ូហ្គង់ដា

អន្តរជាតិះ- តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤, កុមារចំនួន១៣នាក់និងមនុស្សធំម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ពេលធ្វើពិធីអធិស្ឋាននៅជំរំជនភៀសខ្លួនមួយ ក្នុងប្រទេសអ៊ូហ្គង់ដា។

– ឧបទ្ទវហេតុនេះ កើតឡើងនៅជំរំ Palabek ភាគពាយព្យប្រទេស ខណៈមេឃកំពុងភ្លៀងនិងមានផ្លេកបន្ទោរ ហើយក្រៅពីអ្នកស្លាប់ ក៏មានមនុស្សរងរបួស៣៤នាក់ផ្សេងទៀតផងដែរ។

– ជំរំ Palabek គឺមានជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៨០ ០០០នាក់ ដែលភាគច្រើន គឺរត់គេចមកពីប្រទេសស៊ូដង់ខាងត្បូងដែលនៅជាប់នោះ។

– យ៉ាងណាក្តីលោក Kituuma Rusoke អ្នកនាំពាក្យប៉ូលិសអ៊ូហ្គង់ដា មិនបង្ហាញថាតើកុមារដែលស្លាប់ទាំង១៣នាក់ មានអាយុប៉ុន្មានខ្លះនោះទេ គ្រាន់តែអះអាងថា មនុស្សធំម្នាក់ដែលបាត់បង់ជីវិត គឺមានអាយុ២១ឆ្នាំ។

– សូមបញ្ជាក់ថា ហេតុការណ៍រន្ទះបាញ់សម្លាប់កុមារនៅប្រទេសអ៊ូហ្គង់ដា ក៏ធ្លាប់កើតឡើងផងដែរកាលពី៤ឆ្នាំមុន ដោយពេលនោះ បានឆក់យកជីវិតកុមារចំនួន១០នាក់ក្នុងទីក្រុង Arua ខណៈពួកគេកំពុងលេងបាល់ទាត់៕

You might like