អន្តរជាតិះ- ប្រភពអ្នកនយោបាយនិងអ្នកកាទូតជាន់ខ្ពស់លីបង់បាននិយាយថា សហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសលីបង់ប្រកាសបទឈប់បាញ់ជាឯកតោភាគីជាមួយអ៊ីស្រាអែល ដើម្បីស្តារឡើងវិញនូវកិច្ចចរចាដែលជាប់គាំង ដើម្បីបញ្ចប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
– ពួកគេបានឲ្យដឹងសេថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានទាក់ទងដោយប្រេសិតអាមេរិកគឺលោក Amos Hochstein ទៅកាន់នាយករដ្ឋមន្ត្រីចាំផ្ទះលីបង់លោក Najib Mikati ក្នុងសប្តាហ៍នេះ ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។
– ការិយាល័យរបស់លោក Mikati នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters បានបដិសេធថា សហរដ្ឋអាមេរិកមិនបានស្នើសុំឱ្យប្រទេសលីបង់ ប្រកាសបទឈប់បាញ់ជាឯកតោភាគីនោះទេ។ លោកបាននិយាយថា ជំហររបស់រដ្ឋាភិបាលគឺច្បាស់លាស់ក្នុងការស្វែងរកបទឈប់បាញ់ពីភាគីទាំងសងខាង និងការអនុវត្តដំណោះស្រាយ 1701 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់ជម្លោះចុងក្រោយរវាងសត្រូវទាំងពីរក្នុងឆ្នាំ 2006 ។ យ៉ាងណាក៏ដោយស្ថានទូតអាមេរិកនៅទីក្រុងបេរូតមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
– ប្រភពមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលទីក្រុង Beirut ឱ្យត្រលប់មកវិញនូវគំនិតផ្តួចផ្តើមមួយចំនួននៅក្នុងកិច្ចចរចា ជាពិសេសដោយសារការយល់ឃើញថា អ៊ីស្រាអែលទំនងជានឹងបន្តប្រតិបត្តិការយោធា ដែលបានសម្លាប់មេដឹកនាំក្រុមហេសបូឡា ភាគច្រើនរួចមកហើយ និងបានបំផ្លាញភាគខាងត្បូងប្រទេសភាគច្រើន។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលីបង់មិនជាប់ពាក់ព័ន្ធក្នុងអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានចាប់ផ្តើមបាញ់រ៉ុក្កែតទៅលើទីតាំងយោធាអ៊ីស្រាអែលកាលពីមួយឆ្នាំមុនក្នុងសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តប៉ាឡេស្ទីន Hamas នៅហ្គាហ្សានោះទេ។
– រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់នឹងត្រូវការភ្លើងខៀវពីក្រុមហេសបូឡា ដែលមានរដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់ ហើយសមាជិក និងសម្ព័ន្ធមិត្តរបស់ពួកគេមានអាសនៈជាច្រើននៅក្នុងសភារបស់ប្រទេសលីបង់។
– អ្នកការទូតសម្រុះសម្រួលជាមួយក្រុមហេសបូឡាតាមរយៈសម្ព័ន្ធមិត្តរបស់ក្រុមនេះគឺប្រធានសភាលីបង់លោក Nabih Berri។ ប៉ុន្តែក្រុម Hezbollah បានឲ្យដឹងថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ Berri ដើម្បីឈានដល់បទឈប់បាញ់ ប៉ុន្តែនិយាយថា ខ្លួនត្រូវតែបំពេញតាមប៉ារ៉ាម៉ែត្រជាក់លាក់ តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
– យ៉ាងណាក៏ដោយការប្រកាសឯកតោភាគីមួយត្រូវបានគេមើលឃើញថាជាការមិនចាប់ផ្តើមនៅក្នុងប្រទេសលីបង់នោះទ្បើយ ព្រោះថាបើធ្វើបែបនោះ វាមិនខុសនឹងបង្ហាញនូវការចុះចាញ់នោះទេ។
– អ្នកការទូតម្នាក់ទៀតបានប្រាប់ Reuters ថា លោក Hochstein បានធ្វើសំណើស្រដៀងគ្នាកាលពីខែមុនទៅកាន់ Mikati និង Berri ផងដែរ ខណៈលោក Hochstein បានប្រាប់ពួកគេថា ប្រសិនបើក្រុម Hezbollah ប្រកាសជាឯកតោភាគីនូវបទឈប់បាញ់ នោះគាត់ អាចនឹងមានអ្វីមួយដើម្បីបង្ហាញដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលជាគំនិតផ្តួចផ្តើមការទូត។ អ្នកការទូតរូបនេះបាននិយាយថា ពាក្យពិតរបស់គាត់គឺ អ្នកជួយខ្ញុំ ខ្ញុំជួយអ្នក។ ប៉ុន្តែប្រធានក្រុម Hezbollah លោក Hassan Nasrallah បានច្រានចោលគំនិតនេះ។ លោក Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៧ ខែកញ្ញា នៅជាយក្រុងភាគខាងត្បូងក្រុង Beirut។ ទោះបីជាមានការខាតបង់ក៏ដោយ ក្រុមហេសបូឡាហ៍បានរក្សាថា ខ្សែសង្វាក់បញ្ជាការរបស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅដដែល ហើយអ្នកប្រយុទ្ធរបស់ខ្លួនបានរក្សាការវាយបកទៅកងកម្លាំងអ៊ីស្រាអែលដែលធ្វើការលុកលុយលើដីចូលទៅក្នុងប្រទេសលីបង់។
– ប្រភពមួយផ្សេងទៀតបានប្រាប់ Reuters នៅសប្តាហ៍នេះថា សហរដ្ឋអាមេរិកបាននិងកំពុងជំរុញឱ្យមានបទឈប់បាញ់រយៈពេល 60 ថ្ងៃរវាងក្រុម Hezbollah និងអ៊ីស្រាអែល ដែលជាការនាំមុខនៃការអនុវត្តពេញលេញនៃឆ្នាំ 1701 ។
– លោក Hochstein ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ជាមួយបេសកជនសេតវិមានលោក Brett McGurk ប៉ុន្តែពួកគេមិនបានបន្តទៅប្រទេសលីបង់នោះទេ។
– ចំណែកលោក Netanyahu បាននិយាយថា កិច្ចព្រមព្រៀង ដោយមានឯកសារ ឬក៏ សំណើនោះ វាមិនមែនជាចំណុចសំខាន់នោះទេ។ លោកបានមានប្រសាសន៍ថា ចំណុចសំខាន់គឺសមត្ថភាព និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តការងារសន្តិសុខ រារាំងការវាយប្រហារមកលើយើង និងធ្វើសកម្មភាពប្រឆាំងនឹងការបំពាក់អាវុធរបស់ខ្មាំងសត្រូវតាមការចាំបាច់ ហើយទោះបីជាមានការគាបសង្កត់ និងឧបសគ្គយ៉ាងណាក៏ដោយ នេះជាចំណុចសំខាន់៕
