លទ្ធផល ប្រឡងបាក់ឌុបនៅខេត្តរតនគិរី បេក្ខជនប្រឡងជាប់ជាង១ពាន់នាក់ ខណៈនិទ្ទេសA មាន៩នាក់

រតនគិរី៖- លទ្ធផលប្រឡងបាក់ឌុបនៅខេត្តរតនគិរី បេក្ខជនប្រឡងជាប់ជាង១,០០០នាក់ ស្មើ៨១.៧៥% ខណៈនិទ្ទេសA មាន៩នាក់។

– លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឲ្យសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ថា ជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤កន្លងទៅ នៅខេត្តរតនគិរី មានបេក្ខជនមកប្រឡងចំនួន១,៦៨៨នាក់ ស្រី ៨៥៥នាក់ ប្រឡងជាប់ជាស្ថាពរចំនួន១,៣៨០នាក់ ស្រី ៧២៣នាក់ ក្នុងនោះប្រឡងជាប់គិតជាមធ្យមភាគ ៨១. ៧៥% ស្រី ៨៤. ៥៦%។

– លោកបានបន្តថា សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៩នាក់ ស្រី៥នាក់, និទ្ទេស B ចំនួន៩៣នាក់ ស្រី ៥៣នាក់, និទ្ទេស C ៣០៧នាក់ ស្រី ១៧៥នាក់, និទ្ទេស D ៥២៦នាក់ ស្រី ២៩១នាក់, និងនិទ្ទេស E ចំនួន ៤៤៥នាក់ ស្រី ១៩៩នាក់។

– លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវការអបអរសាទរជាមួយអាណាព្យាបាលនិងបេក្ខជនទាំងអស់ដែលទើបនិងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)និងបានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀន និងការបង្រៀនសិស្ស ឲ្យទទួលបានលទ្ធផលល្អនាពេលនេះ។

– លោកអភិបាលខេត្តបានសន្យាថា នឹងមានរង្វាន់លើកទឹកចិត្តដល់សិស្សដែលបានជាប់និទ្ទេសA ទាំង៩នាក់នោះផងដែរ៕

You might like