អាមេរិក និងកូរ៉េខាងត្បូង បង្ហាញការព្រួយបារម្ភចំពោះវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី

អន្តរជាតិះ- រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចែករំលែកក្តីបារម្ភចំពោះកងទ័ពកូរ៉េខាងជើងដែលបាន និងកំពុងដាក់ពង្រាយនៅប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងថា ការអភិវឌ្ឍន៍នៃសកម្មភាពកូរ៉េខាងជើងបានគូសបញ្ជាក់ពីសារៈសំខាន់នៃសម្ព័ន្ធភាពអាមេរិកជាមួយទីក្រុងសេអ៊ូល និងដៃគូផ្សេងទៀត។

– លោក Austin បានជួបជាមួយសមភាគីកូរ៉េខាងត្បូង គឺលោក Kim Yong-hyun ហើយបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា យើងបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងអំពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។ យើងក៏បានពិភាក្សាអំពីរបៀបដែលយើងនឹងធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងដ៏គ្រោះថ្នាក់ និងអស្ថិរភាព។

– លោក Austin បន្ថែមថា ពួកគេ​បាន​បញ្ជាក់​ថា ទាហាន​កូរ៉េខាងជើង​ពាក់​ឯកសណ្ឋាន​រុស្ស៊ី និង​កាន់​ឧបករណ៍​រុស្ស៊ី។ ចំណែកលោក Kim បានថ្លែងថា មានឱកាសខ្ពស់ដែលយើងអាចសន្និដ្ឋានថា វត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី គឺជាថ្នូរនឹងការស្នើសុំឱ្យរុស្ស៊ី ផ្ទេរបច្ចេកវិទ្យាសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរបស់ពួកគេ។

– ទាំងលោក Austin និង Kim បានបញ្ជាក់ថា ពួកគេបានយល់ព្រមលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បន្ថែមទៀតពាក់ព័ន្ធករណីនេះ៕

 

You might like