ថៃ មីយ៉ាន់ម៉ា ឡាវ ចាប់ផ្តើមផែនការសកម្មភាពរួម ដោះស្រាយបញ្ហាផ្សែងអ័ព្ទឆ្លងដែន

បាងកក៖ ថៃ មីយ៉ាន់ម៉ា និងឡាវ កាលពីថ្ងៃទី២៩ ខែតុលា បានចាប់ផ្តើមផែនការសកម្មភាពរួមមួយស្តីពីការទប់ស្កាត់ផ្សែងអ័ព្ទឆ្លងដែន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយការបំពុលបរិយាកាសក្នុងតំបន់។

ក្រោម«យុទ្ធសាស្ត្រផ្ទៃមេឃគ្មានផ្សែងអ័ព្ទ (CLEAR Sky Strategy)» ២០២៤ ដល់ ២០៣០ ប្រទេសអាស៊ីអាគ្នេយ៍ទាំងបីបានយល់ព្រមចាត់វិធានការជាក់ស្តែង រួមមានកិច្ចសហការលើការគ្រប់គ្រងអគ្គិភ័យ ការកាត់បន្ថយចំណុចក្តៅ ប្រព័ន្ធព្យាករណ៍ និងការត្រួតពិនិត្យ ការគ្រប់គ្រងកសិកម្មប្រកបដោយនិរន្តរភាព ការអនុវត្តច្បាប់ និងការសម្របសម្រួលអន្តរស្ថាប័ន។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាង៉ាមវង្សា (Maris Sangiampongsa) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺកើតចេញពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការដោះស្រាយការកើនឡើងកម្រិតសារធាតុពុល PM2.5 នៅក្នុងខ្យល់ក្នុងតំបន់ ដែលកើតចេញពីប្រភពជាច្រើន រួមទាំងឧស្សាហកម្ម ការដឹកជញ្ជូន និងជាពិសេសភ្លើងឆេះព្រៃ និងការដុតកាកសំណល់កសិកម្មឬជញ្ជ្រាំង។

លោក ម៉ារីស បានបន្ថែមថា ប្រទេសទាំងបីបានធ្វើការរួមគ្នាក្នុងការបង្កើតផែនទីហានិភ័យអគ្គីភ័យ និងការកសាងសមត្ថភាពនៅកម្រិតទ្វេភាគី ខណៈពេលដែលកំពុងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការតាមរយៈក្របខ័ណ្ឌដូចជាកិច្ចសហប្រតិបត្តិការ Lancang-Mekong និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady-Chao Phraya-Mekong នៅកម្រិតអនុតំបន់៕

You might like