ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅយប់ថ្ងៃពុធនេះបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បន្ទាប់ពីការបញ្ចប់ពិធីរត់ភ្លើងគប់ដែលបានចេញដំណើរពីខេត្តកណ្តាលកន្លែងការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោចូលទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក…។

ក្នុងពិធីបើកជាផ្លូវការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ មានការចូលរួមពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន លោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជុំវិញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ត្រីជាន់ខ្ពស់ សិល្បៈករ សិល្បការិនី និងសាធារណជនមួយចំនួនទៀត។ ក្នុងនោះ កម្មវិធីក៏មានការសម្តែងនូវកម្មវិធីជាច្រើនរួមមាន ក្បួនត្រែងទ័ព ក្បួនដង្ហែទង់ជាតិ ទង់កីឡាជាតិ ទង់អូឡាំពិក និងទង់ប៉ារ៉ាឡាំពិក ទស្សនីយភាពកូរសមុទ្រទឹកដោះ ទស្សនីយភាពព្រលឹងយ័ន្តប្រាំបីទិស មហាយុទ្ធគុនខ្មែរបុរាណ ការច្រៀងចម្រៀងពីសិល្បៈករ សិល្បការិនី ពិធីរត់ភ្លើងគប់ និងការអុជភ្លើងគប់ និងកម្មវិធីមួយចំនួនទៀត។

ព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»។ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ មានការចូលរួមប្រកួតពី២៥ រាជធានីខេត្ត និងក្រសួងចំនួនបី គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលមានកីឡាករ កីឡាការិនី សរុបចំនួន៤០៨៥នាក់ ប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន១៣ប្រភេទកីឡា លើ ៥៥វិញ្ញាសា។

ព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ ក្រសួងបានសម្រេចគោលការណ៍រៀបចំពិធីរត់ភ្លើងគប់កីឡាជាតិតាមបណ្តាខេត្ត ដែលទទួលរៀបចំកីឡាមួយចំនួន ដោយត្រូវចេញដំណើរពីខេត្តកែប មកខេត្តព្រះសីហនុ រួចមកខេត្តកំពង់ឆ្នាំង រហូតមកខេត្តស្វាយរៀង ទើបចូលមករាជធានីភ្នំពេញ ផ្តើមចេញពីទីតាំងសម្ពោធការដ្ឋានបើកព្រែកជីកហ្វូណនតេជោ ឆ្ពោះមកពហុកីឡដ្ឋានជាតិអូឡាំពិក ចំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃបើកការប្រកួតជាផ្លូវការ៕

