ភ្នំពេញ៖ យ៉ាងហោចណាស់ជនជាតិវៀតណាមប្រុសស្រីចំនួន២៦នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីមានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ពោលគឺស៊ីឈ្នួលពពោះជំនួស ព្រមទាំងលួចស្នាក់នៅធ្វើការងារខុសច្បាប់។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ខានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤…។
ប្រតិបត្តិការនេះធ្វើឡើងតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន២៦នាក់ ក្នុងនោះស្រី៨នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណី មានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងគ្រឿងញៀន ប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ជាមួយគ្នានេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

យ៉ាងណា ជុំវិញករណីពាក់ព័ន្ធលួចស៊ីឈ្នួលពពោះជំនួសមិនមែនទើបតែកើតមាននៅលើទឹកដីកម្ពុជាឡើយ កន្លងមកក៏មានការបង្រ្កាបទ្រង់ទ្រាយធំម្ដងរួចមកហើយ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស រួមមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងលួចលាក់បញ្ចូលមេជីវិតឱ្យពពោះមួយកន្លែង ស្ថិតនៅផ្ទះលេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ព្រមទាំងឃាត់ខ្លួនមនុស្សជាង៤០នាក់ ក្នុងនោះមានជនសង្ស័យមានតែ៥នាក់ទេ ចំណែកស្រី្តពពោះ៣៣នាក់៕


