ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូល ដោយអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ រួបរួមសាគ្គីគ្នាក្នុងការ ការពារ និងកសាងមាតុភូមិជាតិ ឱ្យមានសេចក្ដីសុខ សន្តិភាព…។
ព្រះរាជបន្ទូលក្នុងមីទ្ទិញមហាជន អបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នៅព្រឹកថ្ងៃពុធទី៣០ ខែតុលា នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតមានព្រះរាជបន្ទូល ដោយអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់រួបរួមគ្នា ខណៈការសាគ្គីជាមូលដ្ឋានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាព។ ព្រះករុណា មានព្រះរាជបន្ទូលថា៖«នៅក្នុងឱកាសនេះខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ និងច្បាប់រដ្ឋយើង ដើម្បីរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានធ្វើឱ្យស្ថានភាពសង្គមជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើគ្រប់វិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង»។

សមិទ្ធផលដល់ធំធេងទាំងហ្លាយ ដែលសម្រេចបាននេះពិតជាបានមកដោយសារការខិតខំពង្រីកនូវវប្បធម៌ សន្តិភាព ការផ្សះផ្សារបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សេចក្ដីថ្លៃថ្លូររបស់មនុស្ស ការពារសន្តិសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណា។ យ៉ាងណា តាមរយៈ ការអបអរដ៏អធិកអធមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត សន្និដ្ឋានថា មាតុភូមិ និងប្រជាជនកម្ពុជា ពិតជាអាចទទួលបានអនាគតភ្លឺស្វាងក្នុងក្ដីសង្ឃឹមខ្ពស់នៅក្នុងដំបូលរដ្ឋធម្មនុញ្ញតែមួយ ធានាបានការឯកភាពជាតិដ៏រឹងមាំ ក្រោមទង់នៃការឯកភាពជាតិ សាសនា និងក្រោមបារមីព្រះមហាក្សត្រ ដែលបុព្វបុរសជាតិ ជាស្ថាបនិកដ៏ល្បីល្បាញនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិត ស្គឹមស្គៃគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លៀនពានលើបូរណភាពទឹកដីបានឡើយ។ ព្រះករុណា ថ្វាយព្រះពរដល់ប្រជាជនទូទាំងប្រទេស មានសុខភាពល្អបរិបូរណ៍ និងសេចក្ដីសុខចម្រើន។

ឆ្នាំ២០២៤ នេះ ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ ក្នុងទម្រង់ជាមហោឡារិកជាងរាល់ៗឆ្នាំ ទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ និងប្រពៃណីសាសនា។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មានការរៀបចំព្រះពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង ថ្ងៃទី២៩ ខែតុលា ព្រះរាជពិធីថ្វាយព្រះពរ នៅក្នុងព្រះបរមរាជវាំង និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ចាប់ផ្តើមមិទ្ធីញមហាជន នៅមុខព្រះបរមរាជវាំង៕


