ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការជជែកដេញដោល និងរិះគន់លើបណ្ដាញសង្គម ថាច្បាប់គ្មានតម្លាភាព និងគ្រាន់តែលើកដៃសុំទោសអាចរួចខ្លួន ជុំវិញការអនុវត្តនីតិវិធីរបស់កងរាជអាវុធហត្ថ ទៅលើបុគ្គលម្នាក់ដែលបានក្លែងបន្លំជាមន្ត្រីកងរាជអាវុធហត្ថ គំរាមកំហែងតាមរយៈពាក្យសម្ដីរកវ៉ៃ និងបាញ់អ្នកដទៃ ត្រឹមធ្វើការអប់រំ និងធ្វើកិច្ចសន្យា នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ មន្ត្រីនាំពាក្យ បានចេញមកបញ្ជាក់ថា ជាការបញ្ចេញគំនិតតាមរយៈការគិតឃើញមួយជ្រុងតែប៉ុណ្ណោះ…។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះសំណេរភ្ជាប់ជាមួយរូបភាព ដែលមានខ្លឹមសារទាំងស្រុងថា៖«សូមគោរពបង្ហាញជូន អំពីបញ្ញត្តិច្បាប់មួយចំនួន ដោយសារមានបងប្អូនមួយចំនួនមិនទាន់យល់អំពីចំណាត់ការ។ គាត់បានចូលរួមមតិ “Comments” ថា “ចឹងធ្វើខុសហើយលើកដៃសូមទោសរួចខ្លួនមែនបងៗ, ច្បាប់គ្មានតម្លាភាព..គឺបែបនេះ”។ នេះជាការគិត ការយល់ផ្ទាល់ខ្លួនរបស់ពួកគាត់ មកពីគាត់មិនទាន់យល់ដឹងអំពីច្បាប់ នីតិវិធី ហើយគាត់បញ្ចេញគំនិតតាមការគិតឃើញរបស់គាត់មួយជ្រុងតែប៉ុណ្ណោះ។ ខ្ញុំបាទ..សូមគោរពជម្រាបជូនថា បទល្មើស គឺជាអំពីខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គម»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បន្ថែមថា៖«អំពើល្មើសខ្លះបានព្យសនកម្មខាងសម្ភារ ខាងរូបកាយ ឬខាងផ្លូវចិត្ត ព្យសនកម្មអាចត្រូវបានជួសជុល ដោយការបង់ជំងឺចិត្ត ដោយការសងទៅជនរងគ្រោះវិញ។ យើងគិត និងមើលជាក់ស្តែងនូវអំពើរបស់ឈ្មោះ សំអុន ម៉ានេត ហើយពិចារណាឱ្យស៊ីជម្រៅ តើមានព្យសនកម្មអ្វីខ្លះ ឬនៅ? ដូច្នេះ វិធានការអប់រំ ធ្វើកិច្ចសន្យា ដឹងកំហុស សូមទោសជាសាធារណៈ និងកែប្រែ កុំប្រព្រឹត្តអំពើបែបនោះទៀត គឺមានលក្ខណៈធួនល្មមជាមួយនឹងព្យសនកម្មដែលទទួលរង។» សូមរំឭកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកោះហៅបុគ្គលដែលមានគណនីហ្វេសប៊ុកឈ្មោះ Meng Torng ដែលមានឈ្មោះ សំអុន ម៉ានេត អាយុ២១ឆ្នាំ ស្នាក់ការសន្តិសុខទំនប់រលក ក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណី ក្លែងបន្លំធ្វើជាមន្ត្រីអាវុធហត្ថ បានគំរាមកំហែងតាមរយៈការប្រើពាក្យសម្ដីរកវ៉ៃ និងបាញ់អ្នកដទៃ ដោយធ្វើកាអប់រំ ធ្វើកិច្ចសន្យាលើបុគ្គលរូបនេះ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ទើបក្រោយមកមានការរិះគន់ពីសំណាក់មហាជនតែម្ដង៕



