ភ្នំពេញ៖- ឆ្ងល់ថ្ងៃនេះ យ៉ាងម៉េច បងប្រុសរបស់ខ្លួនមិនបើកតូបជួសជុលម៉ូតូ ពីព្រឹកដូច សព្វដង ក៏ ឡើងទៅមើលនិងដាស់គាត់ឡើង ស្រាប់តែឃើញ បងប្រុស ដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯង។
– ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅលើជាន់ទី៥ផ្ទះជួល ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
– តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ីតូ ពីទូ អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងមានទីលំនៅភូមិផ្ដៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ កំពង់ចាម ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។ រូបគេបានជួលតូបមួយនៅម្ដុំជិតផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើកន្លែងជួសជុលម៉ូតូ។ ប៉ុន្តែអត់ដែលស្នាក់នៅក្នុងតូបជួសជុលម៉ូតូនោះទេព្រោះក្ដៅស្អុះ ទើបក្រោយបិទតូបរួចតែងតែទៅដេកនៅជាន់ទី៥ផ្ទះជួលខាងលើដែលជាផ្ទះពូបង្កើតរបស់ខ្លួនរាល់យប់ ។
– ប្រភពដដែលបានឲ្យដឹងបន្តថា ជារៀងរាល់ថ្ងៃយុវជននេះតែងតែទៅបើកតូបធ្វើម៉ូតូនៅវេលាម៉ោង៦ព្រឹក លុះរហូតដល់ម៉ោង៩យប់ទើបបិទតូប រួចទៅដេកនៅផ្ទះជួលកើតហេតុ ដោយឡែកនៅថ្ងៃទី២៨ ខែតុលា បានបិទតូបតាំងពីវេលាម៉ោង៧យប់ ដោយនិយាយថាអត់ស្រួលខ្លួន ។ បន្ទាប់មកក៏បានឡើងទៅដេកលើជាន់ទី៥ដូចរាល់ដង ហើយរហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៩ ខែតុលា អត់ឃើញក្រោកទៅបើកតូបដូចរាល់ដង ។ ខណៈនោះពូក៏បានខលដាស់ប៉ុន្តែអត់លើកទូរស័ព្ទ ទើបប្រើក្មួយប្រុសម្នាក់ទៀត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះឡើងទៅមើលនិងដាស់ ក៏ប្រទះឃើញស្លាប់រឹងបាត់ទៅហើយ ។

– ក្រោយកើតហេតុអាជ្ញាធរសង្កាត់ចោមចៅទី២ និងនគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះទៅពិនិត្យជាក់ស្ដែង រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច្ច័យ ៕

