អន្តរជាតិះ- ទីក្រុងវ៉ាស៊ីនតោនបានចេញមុខគំរាមកំហែងប្រទេសហ្សកហ្ស៊ីជាថ្មីដោយបង្ហាញពីផលវិបាកធ្ងន់ធ្ងរ ខណៈដែលក្រុមប្រឆាំងបានចោទប្រកាន់គណបក្ស Georgian Dream ដែលជាគណបក្សដែលកំពុងកាន់អំណាចនិងឈ្នះការបោះឆ្នោតថ្មីៗនេះ ពីបទបន្លំការបោះឆ្នោតសភាកាលពីថ្ងៃសៅរ៍។
– ការគំរាមកំហែងបែបភូមិសាស្ត្រនយោបាយរបស់អាមេរិកលើហ្សកហ្ស៊ីត្រូវបានអ្នកវិភាគនយោបាយអះអាងថា ជាការរុញច្រានហ្សកហ្ស៊ីឲ្យធ្លាក់ក្នុងបន្ទាត់សង្រ្គាមមហន្តរាយដូចគ្នានឹងការរុញឲ្យអ៊ុយក្រែនធ្លាក់ក្នុងសង្រ្គាមជាមួយរុស្ស៊ី ព្រោះអាមេរិកត្រូវការហ្សកហ្ស៊ីដើម្បីធ្វើជាទីតាំងសម្រាប់ការបំរើឲ្យភូមិសាស្ត្រនយោបាយ និងគំរាមរុស្ស៊ី។

– សូមជំរាបថា យោងតាមតួលេខផ្លូវការនៃការបោះឆ្នោតនៅហ្សកហ្ស៊ីគណបក្ស Georgian Dream ដែលមាននិន្នាការរុស្ស៊ីទទួលបានសំឡេងគាំទ្រស្ទើរតែ 54% ខណៈពេលដែលគណបក្សប្រឆាំងផ្សេងៗដែលមានEU និងអាមេរិកនៅពីក្រោយទទួលបានពី 3% ទៅ11% ប៉ុណ្ណោះ។ ជ័យជម្នះនេះត្រូវបានគេរំពឹងថានឹងផ្តល់ឱ្យ Georgian Dream យ៉ាងហោចណាស់ទទួលបាន 90 អាសនៈនៅក្នុងសភាជាតិដែលមានសមាជិកចំនួន 150 នាក់ ហើយវានឹងអនុញ្ញាតឱ្យគណបក្សនេះអាចបង្កើតរដ្ឋាភិបាលថ្មី ខណដែលច្បាប់ហ្សកហ្ស៊ី គណបក្សដែលមានសិទ្ធិររៀបចំរដ្ឋាភិបាលបានគឺមានសំឡេងភាគច្រើនចំនួន 76 ប៉ុណ្ណោះដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។
– យ៉ាងណាក៏ដោយគណបក្សប្រឆាំងដែលគាំទ្រលោកខាងលិចចំនួនបួនបានបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ ហើយបានអំពាវនាវឲ្យអ្នកគាំទ្រធ្វើបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោត។ ទន្ទឹមនោះពួកគេក៏គំរាមមិនចូលរួមក្នុងការងាររបស់នីតិបញ្ញត្តិ ឬសភាថ្មីនោះផងដែរ។ ប្រធានាធិបតីហ្សកហ្ស៊ីលោកស្រី Salome Zourabichvili ក៏មិនទទួលស្គាល់លទ្ធផលបោះឆ្នោតដែរ ហើយបានអំពាវនាវឱ្យមានការតវ៉ា។បាតុកម្មដ៏ធំមួយបានផ្ទុះឡើងនៅខាងក្រៅអគារសភា Tbilisi កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដែលគេកត់សម្គាល់ថាដឹកនាំដោយអ្នកនយោបាយគាំទ្រដោយលោកខាងលិច។
– ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានអះអាងថា ការបោះឆ្នោតធ្វើឡើងនៅក្នុង បរិយាកាសដែលមានរាងដូចគោលនយោបាយរបស់គណបក្សកាន់អំណាច រួមទាំងការប្រើប្រាស់ធនធានសាធារណៈមិនត្រឹមត្រូវ ការទិញសន្លឹកឆ្នោត និងការបំភិតបំភ័យអ្នកបោះឆ្នោត។ លោកបន្តថា យើងលើកទឹកចិត្តឱ្យមន្ត្រីគ្រប់គ្រងរបស់ហ្សកហ្ស៊ីឱ្យពិចារណាទំនាក់ទំនងដែលពួកគេចង់បានជាមួយសហគមន៍អឺរ៉ុប-អាត្លង់ទិក ជាជាងការពង្រឹងគោលនយោបាយដែលត្រូវបានកោតសរសើរដោយពួកផ្តាច់ការ។
– លោកបាននិយាយគំរាមត្រង់ៗថា យើងមិនធានានូវផលវិបាកបន្ថែមទៀតទេ ប្រសិនបើទិសដៅរបស់រដ្ឋាភិបាលហ្សកហ្ស៊ីមិនផ្លាស់ប្តូរ ហើយបានជំរុញឱ្យ Tbilisi ចាប់ផ្តើមលុបចោលច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យជាបន្ទាន់។
– នៅព្រឹកថ្ងៃច័ន្ទដែរ រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន 13 បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពី ការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពបច្ចុប្បន្ននៅហ្សកហ្ស៊ី និងទាមទារឲ្យមានការស៊ើបអង្កេតដោយមិនលំអៀងលើការតវ៉ា និងការដោះស្រាយការរំលោភដែលបានបង្កើតឡើងដោយការបោះឆ្នោតមិនប្រក្រតី។ រដ្ឋាភិបាលលោកខាងលិចទាំង១៣ នោះក៏បានចោទប្រកាន់ហ្សកហ្ស៊ី ពីការដើរថយក្រោយនូវលទ្ធិប្រជាធិបតេយ្យ ហើយបានព្រមានថា គោលនយោបាយថ្មីៗរបស់ខ្លួនអាចរារាំងសេចក្តីប្រាថ្នារបស់ប្រទេសក្នុងការចូលរួមសហភាពអឺរ៉ុប និងប្លុកណាតូ។
– គួររំលឹកថា នៅឆ្នាំ 2024 សភាហ្សកហ្ស៊ីបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសដែលអនុញ្ញាតឱ្យដាក់ស្លាកអង្គការមិនមែនរដ្ឋាភិបាល “ភ្នាក់ងារបរទេស” និងហាមឃាត់ LGBTQ “ការឃោសនា” ចំពោះអនីតិជន ដែលទាំងពីរនេះបានបង្កឱ្យមានការតវ៉ាជាបន្តបន្ទាប់ដោយមានការគាំទ្រមូលនិធិពីលោកខាងលិច។

– រដ្ឋាភិបាលហ្សកហ្ស៊ីបានទទូចថាខ្លួនចង់ចូលរួមជាមួយ EU ប៉ុន្តែតាមលក្ខខណ្ឌផ្ទាល់ខ្លួន។ នាយករដ្ឋមន្ត្រី Irakli Kobakhidze បានអះអាងថា ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីធានាអធិបតេយ្យភាពរបស់ហ្សកហ្ស៊ី និងផលប្រយោជន៍របស់ប្រជាជនរបស់ខ្លួន។ លោក Kobakhidze បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមប្រឆាំងមិនអាចយកឈ្នះលើការបរាជ័យរបស់ពួកគេនៅក្នុងការបោះឆ្នោតបានទេ។ លោកក៏បានចោទប្រកាន់គូប្រជែងរបស់គាត់ពីបទធ្វើឱ្យខូចដល់ច្បាប់ប្រទេសថែមទទៀត។ លោកក៏ថែមទាំងបានព្រមានថា “គ្មាននរណាម្នាក់អាចបំផ្លាញប្រព័ន្ធរដ្ឋធម្មនុញ្ញនៃប្រទេសយើងបាននោះទេ៕
