នៅតែមានអ្នកលួចខ្សឹបខ្សៀវ ថាអាចជួយបេក្ខជនឱ្យប្រឡងជាប់ជាមន្រ្តីរាជការ

ភ្នំពេញ៖ ទោះក្រសួងមុខងារសាធារណៈ ប្រកាសម្ដងហើយម្ដងទៀតពីការជ្រើសរើសមន្រ្តីរាជការ តាមរយៈការប្រឡងដោយត្រឹមត្រូវតាមច្បាប់ក្ដី ក៏នៅតែមានជនមួយចំនួន បន្តដើរសន្យាថា ពួកគេមានលទ្ធភាពអាចជួយយឹតយោងបេក្ខជនប្រឡង ឱ្យជាប់ក្លាយជាមន្រ្តីរាជការបាន។ ករណីនេះ បានឮដល់ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈជាថ្មី…។

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី កាលពីថ្ងៃអាទិត្យបានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្រសួងមុខងារសាធារណៈ នៅតែបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ លោកបានបញ្ជាក់ថា៖«គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់»។

លោកថា ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ លោកក៏ធ្លាប់បានលើកឡើងផងដែរថា៖«ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។ យ៉ាងណា ពាក់ព័ន្ធនឹងករណីនេះ លោកសូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចនាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ការអំពាវនាវនេះ មិនមែនកើតមានតែលើកនេះនោះទេ ក្រសួងមុខងារសាធារណៈ តែងអំពាវនាវ និងក្រើនរំឭកពលរដ្ឋជានិច្ចពាក់ព័ន្ធនឹងការជឿអ្នករត់ការឱ្យប្រឡងជាប់ចូលមន្ត្រីរាជការ ក្រោយមានជនមួយចំនួននៅតែបានបន្តសន្យាបែបនេះ។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០២៤ ថ្លែងក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទ​រដ្ឋបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននៅតែមានករណីសូកប៉ាន់នៅក្នុងការប្រឡងចូលជាមន្ត្រីរាជការ ដោយសម្តេចបានព្រមាន​ទៅជន​ទាំង​ហ្លាយ​ណាដែ​ល​ប្រព្រឹត្តអំពើពុករលួយ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ៕

 

You might like