កីឡាះ- យោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ បានសម្រេចជ្រើសរើសប្រភេទកីឡាចំនួន ៥០ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
– អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្ថែមថា ៖ កីឡាទាំង៥០ប្រភេទនេះ ចែកចេញជា៥៦៩វិញ្ញាសា ហើយក្នុងចំណោមកីឡាទាំង៥០ប្រភេទនេះ មាន៣ប្រភេទកីឡាគឺការសម្ដែង។ ទន្ទឹមនឹងនេះ កម្ពុជាមានប្រភេទកីឡា៣៨ទៅ៣៩ប្រភេទដែលត្រូវត្រៀមខ្លួនចូលរួម។
– ក្នុងចំណោមកីឡាដែលកម្ពុជានឹងចូលរួមក៏មានកីឡាដ៏មានសក្ដានុពលដូចជា យូជីស៊ូ ទ្រីយ៉ាត្លុង ប៉េតង់ ជេតស្គី តេក្វាន់ដូ ការ៉ាតេ និងចំបាប់ ដោយលើកលែងកីឡាវ៉ូវីណាម។
– លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ យោងតាមច្បាប់នៃស៊ីហ្គេម ម្ចាស់ផ្ទះកំណត់វិញ្ញាសា ប៉ុន្តែកីឡាត្រូវតែមានការយល់ព្រមពីប្រទេសជាសមាជិក។ ប៉ុន្តែដំបូងម្ចាស់ផ្ទះថៃបានលុបចោលវិញ្ញាសាខ្លះ ប៉ុន្តែក្រោយមានការតវ៉ា ម្ចាស់ផ្ទះក៏សម្រេចចិត្តដាក់វិញ។ ជាក់ស្តែង កម្ពុជាបានធ្វើការតវ៉ាដោយជោគជ័យចំពោះវិញ្ញាសាបុគ្គលក្នុងកីឡាទ្រីយ៉ាត្លុង។
– គួរជម្រាបថា ស៊ីហ្គេមឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៕
