អន្តរជាតិះ- មន្ត្រីក្នុងប្រទេសអ៊ីរ៉ង់បានថ្លែងថា ទាហានរបស់ខ្លួន ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ ទោះយ៉ាងណាក៏ដោយ ពួកគេកំពុងប្រកាន់ជំហរប្រុងប្រយ័ត្ន ថាតើត្រូវបើកការវាយប្រហារប្រឆាំងអ៊ីស្រាអែលវិញឬយ៉ាងណា ខណៈពេលមន្ត្រីរូបនោះហាក់បង្ហាញការរក្សាសិទ្ធិក្នុងការឆ្លើយតបនូវជំហររបស់ខ្លួន។
– ចំណែកយោធាអ៊ីស្រាអែលនិយាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួនបានវាយប្រហារទីតាំងផលិតមីស៊ីល និងប្រព័ន្ធមីស៊ីលពីដីទៅអាកាសក្នុងប្រទេសអ៊ីរ៉ង់ដោយចំគោលដៅច្បាស់លាស់។ ប៉ុន្តែ យោធាអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់ខណៈពេលដែលរក្សាសិទ្ធិស្របច្បាប់ក្នុងការឆ្លើយតបយ៉ាងត្រឹមត្រូវតាមពេលវេលាដ៏ត្រឹមត្រូវនោះ អ៊ីរ៉ង់ក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃបទឈប់បាញ់ដែលមាននិរន្តរភាពនៅក្នុងតំបន់ហ្គាហ្សា និងលីបង់ផងដែរ។
– ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយ រិះគន់អ៊ីស្រាអែលយ៉ាងខ្លាំង ដោយនិយាយថា ការវាយប្រហារតាមអាកាស គឺជាការរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់។ ចំណែកអ៊ីស្រាអែលនិយាយថា ការវាយលុកតាមអាកាសគឺជាការសងសឹកចំពោះការវាយប្រហារដោយកាំជ្រួចទ្រង់ទ្រាយធំដែលអ៊ីរ៉ង់បានធ្វើប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែតុលា។
– អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថា ប្រសិនបើរបបនៅអ៊ីរ៉ង់មានកំហុសក្នុងការចាប់ផ្តើមការបាញ់ប្រហារជាថ្មីទៀតនោះ យើងនឹងមានកាតព្វកិច្ចឆ្លើយតបវិញ ដោយមិនលើកលែង។
– ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសៅរ៍បាននិយាយថា វាហាក់ដូចជាអ៊ីស្រាអែលវាយប្រហារតែគោលដៅយោធាក្នុងប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះ ហើយលោកសង្ឃឹមថាពួកគេនឹងបញ្ចប់នៃការវាយប្រហារត្រឹមនេះ។ លោកក៏អំពាវនាវឲ្យអ៊ីរ៉ង់កុំតបតឲ្យសោះដើម្បីបញ្ចប់ជម្លោះ។ យ៉ាងណាក៏ដោយក្រុម អ្នកវិភាគមើលឃើញថា ក្រុងវ៉ាស៊ីនតោនហាក់មិនចង់ឲ្យជម្លោះនៅមជ្ឈិមបូព៌ារីករាលដាលទៅមុខទៀតទេ។

– លោក Biden បានអំពាវនាវឱ្យអ៊ីស្រាអែល បដិសេធមិនវាយប្រហាររោងចក្រផលិតនុយក្លេអ៊ែរ ឬប្រេងរបស់អ៊ីរ៉ង់ ខណៈពេលដែលលោកក៏បានទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ផងដែរ៕
