ក្រសួងការងារដាក់ «បញ្ជរផ្តល់សេវាសាធារណៈអនឡាញ» ឱ្យប្រើប្រាស់សាកល្បង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បងបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈនានារបស់ក្រសួង បង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើកដំណើរការពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានមុខងារលើសេវាសាធារណៈតាមបែបឌីជីថលចំនួន ៦ដូចជា៖ ១.សេវាចុះឈ្មោះស្វែងរកការងារ, ២.សេវាចុះឈ្មោះស្វែងរកបុគ្គលិក, ៣.សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស ៤. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ, ៥.សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និង៦.ជាពិសេស ម៉ាស៊ីននេះ ក៏ជាកន្លែងដែលសាធារណជនអាចផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួង ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងការងារបានអះអាងថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង៨បញ្ជរ ដែលបានដាក់បង្ហាញឱ្យសាធារណជនសាកល្បងប្រើប្រាស់ នៅក្នុងពេលពិព័រណ៍ការងារនាពេលនេះ ទទួលបានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះប្រមាណជា១០០០គ្រឿង សម្រាប់ដាក់នៅតាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស សាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជននានា សម្រាប់សាធារណជនប្រើប្រាស់ នាឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានបច្ចេកទេស(TVET) ជាពិសេស គឺស្របតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាត្រូវបង្ខិតការផ្ដល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន៕

You might like