បងធំអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រួយបារម្ភខ្លាំងចំពោះវត្តមានទ័ពកូរ៉េខាងជើងលើទឹកដីរុស្ស៊ី

វ៉ាស៊ីនតោន៖ សេតវិមានបានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃ ២៦ ខែតុលា បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ដើម្បីប្រឆាំងនឹងអ៊ុយក្រែន។

លោក ចន ឃឺប៊ី អ្នកនាំពាក្យសេតវិមាន បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសទាំងបីមើលឃើញវត្តមានកងទ័ពកូរ៉េខាងជើង ជាសញ្ញាចុងក្រោយនៃការបង្កើនទំនាក់ទំនងយោធារវាងរដ្ឋធានីម៉ូស្គូ និងរដ្ឋធានីព្យុងយ៉ាង ខណៈអ្នកនាំពាក្យរូបនេះអំពាវនាវឱ្យរុស្ស៊ី និងកូរ៉េខាងជើងបញ្ឈប់ការផ្ទេរអាវុធ និងមីស៊ីល។ លោកបន្ត​ថា ការ​ផ្ទេរ​យោធានេះ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។ លោក ឃឺប៊ី បានសង្កត់ធ្ងន់ថា ៖«ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសទាំង ៣ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកងទ័ពដោយកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ វត្តមានរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី និងការផ្ទេរសព្វាវុធពង្រីកផលប៉ះពាល់សន្តិសុខនៃសង្រ្គាមដ៏ឃោរឃៅ និងខុសច្បាប់របស់រុស្ស៊ី លើសពីទ្វីបអឺរ៉ុប និងចូលទៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក»។

លោក ចន ឃឺប៊ី
លោក ចន ឃឺប៊ី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ មិនបានបដិសេធជុំវិញវត្តមានទាហានកូរ៉េខាងជើង ស្ថិតនៅក្នុងប្រទេសរុស្ស៊ីទេ ប៉ុន្តែ​លោក​បាន​អះអាង​ថា នេះជារបៀប​អនុវត្ត​សន្ធិសញ្ញា​ជាមួយ​រដ្ឋធានី​ព្យុងយ៉ាងក្នុងការការពារ​ទៅវិញទៅមក​ដើម្បី​ជួយគ្នាឆាំង​នឹង​ការឈ្លានពាន​ពីខាងក្រៅ។ គួរជម្រាបថា ចារកម្មយោធាអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ទាហានកូរ៉េខាងជើងប្រហែល ១២ ០០០នាក់ រួមទាំងមន្ត្រី ៥០០នាក់ និងឧត្តមសេនីយ៍បីនាក់បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ខណៈការបណ្តុះបណ្តាលកំពុងធ្វើឡើងនៅលើមូលដ្ឋានយោធាចំនួនប្រាំលើទឹកដីរុស្ស៊ី៕

You might like