ទូតចិនចាត់ទុក ការជួយកម្ពុជា ស្មើនឹងការជួយចិនខ្លួនឯង

ភ្នំពេញ៖ ចំពោះមិត្តចិន ការជួយជ្រោមជ្រែងមិត្តកម្ពុជា គឺជារឿងសំខាន់។ នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសពីជំហរបស់រដ្ឋាភិបាលចិនថា នៅតែបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំ ដើម្បីសម្រចគោលដៅរបស់កម្ពុជា ដែលចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក វ៉ាង វិនពីង ថ្លែងក្នុងកម្មវិធី។ 

ក្នុងពិធីអបអរសាទរសមិទ្ធផលមួយចំនួនក្រោមគម្រោងជំនួយចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោក វ៉ាង វិនពីង ព្យាយាមនិយាយភាសាខ្មែរដោយខ្លួនឯងនូវពាក្យមួយឃ្លា យ៉ាងដូច្នេះថា៖«ជួយកម្ពុជា ក៏ជួយចិនដែរ»។

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងកម្មវិធី។

ជាមួយគ្នានេះ លោក វ៉ាង វិនពីង ជាអ្នកការទូតនិងជាអ្នកនយោបាយ ដែលត្រូវគេដាក់រហស្សនាមថាជាអ្នកចម្បាំងចចក អះអាងថា លោកធ្លាប់បានឮពាក្យមួយឃ្លាពីប្រជាជនកម្ពុជា គឺពាក្យ «ជោគជ័យរបស់ចិន ជាជោគជ័យរបស់កម្ពុជា»។ លោកទូតប្រាប់អង្គពិធីទាំងមូលថា ឃ្លានេះ បានដិតជាប់ក្នុងបេះដូងរបស់លោក។ ក្រៅពីបន្តគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ លោកទូតបន្ថែមថា ចិនក៏បន្តគាំទ្រកម្ពុជា ក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពផងដែរ៕

ពិធីអបអរសាទរសមិទ្ធផលមួយចំនួនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។ 

You might like