កូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកសាលាឧទ្ធរណ៍រក្សាការដាក់គុកឃាតកអស់មួយជីវិត

បាត់ដំបង ៖- សំណុំរឿងឃាតកម្មគិតទុកជាមុនដែលកូនដើមរៀបចំគម្រោងសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីជិត១ឆ្នាំមុន ត្រូវបានសាលាឧទ្ធរណ៍តំបន់បាត់ដំបងរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសដាក់គុកកូនដើមជាឃាតកនោះ អស់មួយជីវិត។

– នេះបើតាមការប្រកាសាលដីកាមួយរបស់ស្ថាប័ននេះ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤។

សូមរំលឹកថា៖ឃាតកម្មនោះប្រព្រឹត្តកាលពីម៉ោង៦និង១៣នាទីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះនាក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។

– ជនជាប់ចោទដែលជាឃាតកមានឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង ។

– ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាវរសេនីយ៍ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ជនរងគ្រោះនិងប្រពន្ធចុង(ម្តាយរបស់ជនជាប់ចោទ) មានទីលំនៅក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។

– ប្រភពព័ត៌មានបានឲ្យដឹងថា : កាលនៅសាលាដំបូងខេត្តបាត់ដំបង នេះជាសំណុំរឿងព្រហ្មទ័ណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ ហើយជាសំណុំរឿងជំនុំជម្រះលេខ:៣២៧ចុះថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ ។

– បន្ទាប់មកក្រុមប្រឹក្សាជម្រះដែលមានលោកស្រីហៃ ណៃហេង ជាចៅក្រមនិងប្រធាននិងតំណាងអយ្យការគឺលោកជួង សារ៉ន បានជំនំជម្រះ ហើយចេញសាលក្រមព្រហ្មទណ្ឌលេខ៩៣១”គ”ចុះថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤ ដោយសម្រេចថា៖

១-ផ្តន្ទាទោសឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំដាក់ពន្ធនាគារ ” អស់មួយជីវិត” ពីបទ”ឃាតកម្មគិតទុកជាមុន”ប្រព្រឹត្តនៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

២-បង្គាប់ជនជាប់ចោទសងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះហៃ លក្ខិណា (កូនស្រីរបស់ជនរងគ្រោះ) ចំនួន១.០​០០លា​ន​រៀល ជាដើម។

– ចំណែកសាលាឧទ្ធរណ៍ដែលមានលោកអ៊ី ឃាង ជាចៅក្រមនិងជាប្រធានចៅក្រមក្រុមប្រឹក្សាជំនំជម្រះនិងលោកហ៊ីង ប៊ុនថន ជាតំណាងមហាអយ្យការ បន្ទាប់ពីជំនំជម្រះសំណុំរឿងនេះកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤កន្លងមក លុះដល់ថ្ងៃទី២៣ខែតុលា បានចេញប្រកាសសាលដីកាព្រហ្មទណ្ឌដោយបានរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទគឺឃាតកដាក់គុក១ជីវិតដដែល ។

– ប៉ុន្តែបានបន្ថយសំណងជម្ងឺចិត្តពី១.០០០លានរៀលមកត្រឹម៦០០លានរៀលវិញ ។

– នៅក្នុងដំណើរការសំណុំរឿងនិងជំនំជម្រះ ទាំងជនជាប់ចោទនិងដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែមានមេធាវីជាច្រើននាក់ការពារសិទ្ធិរបស់ខ្លួនផងដែរ។

– ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏ដូចជាកម្លាំងអធិការស្រុកវាលវែង បានឃាត់ខ្លួនជនសង័្សយនៅចំណុចមុខកាស៊ីណូអន្តរជាតិដាយមិនស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ ។

– សូមបញ្ជាក់ដែរថា៖មុនកើតហេតុ ជនជាប់ចោទនិងជនរងគ្រោះមានទំនាស់នឹងគ្នាខ្លាំងជាញឹកញាប់ ។ ជនរងគ្រោះរស់នៅក្នុងភាពភ័យខ្លាច បៀមទុក្ខនិងរងការគម្រាមកំហែងអាយុជីវិតជាបន្តបន្ទាប់ ។

– ជនជាប់ចោទរៀបចំគម្រោងសម្លាប់ជនរងគ្រោះដែលជាឪពុកចុងនេះ ។

– ទីបំផុត ជនជាប់ចោទបើកម៉ូតូម្នាក់ឯងពីក្រុងបាត់ដំបង មកដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹកដល់នៅពេលព្រលប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ ទាំងខ្លួនកំពុងស្រវឹងស្រានិងមានកំហឹង ។

– ជនជាប់ចោទទុកម៉ូតូក្រៅរបង រួចទៅបិទគុបដើម្បីផ្តាច់ភ្លើងនិងកាមរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយជាច្រើនកន្លែងបណ្តាលអោយដេកដួលក្នុងថ្លុកឈាម ហើយបានស្លាប់។

– ទាក់ទិនឃាតកម្មគិតទុកជាមុននេះ បើយោងរូបភាពឃ្លីបវីដេអូក្នុងកាមរ៉ាសុវត្ថិភាពរបស់ផ្ទះនៃជនរងគ្រោះ ដែលថតម្តុំថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ គេឃើញជនជាប់ចោទនេះបានធ្វើអាកប្បកិរិយាព្រហើនកោងកាច ប្រើកាំបិតចុងស្រួចសង្កួត ចាក់តុបាយខ្លាំងនិងរូបភាពបន្ទាប់មកទៀត ឃើញទៅបុកទ្វារបន្ទប់ដេក គម្រាមជីវិតជនរងគ្រោះផងដែរ ។

– និងរូបភាព១ទៀតថតនៅម៉ោង៦និង៤២នាទីយប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ គឺបន្ទាប់មានចរន្តអគ្គីសនីនិងកាមរ៉ាដើរឡើងវិញ ហើយក្នុងផ្ទះក៏មានភ្លើងភ្លឺ គេឃើញកៅអីដែលជនរងគ្រោះអង្គុយ បានដួល ។

– ឯនៅលើកម្រាលឥដ្ឋមានស្លាកស្នាមឈាម ត្បិតជនជាប់ចោទនិងម្តាយរបស់គេសម្អាតមិនទាន់ស្អាត នៅក្រោយឃាតកម្មនោះ ។

– យោងប្រភពខាងលើបានបន្តទៀតថា : នៅឯពេលសួរចម្លើយនិងសួរបំភ្លឺវិញ ការផ្តល់ភស្តុតាងនិងសាក្សី ទាំងក្នុងអង្គហេតុ ទាំងក្នុងអង្គច្បាប់ នៅកន្លែងសមត្ថកិច្ចនគរបាល ,នៅតំណាងអយ្យការនិងចៅក្រមស៊ើបសួរ ក៏ដូចក្នុងពេលសវនាការជំនំជម្រះចំពោះមុខ បានបង្ហាញថា : ជនជាប់ចោទបានបង្កហេតុ មានកំហឹង គុំគួននិងរៀបចំគម្រោងឃាតកម្មនេះ ។

– ប្រភពព័ត៌មានផ្សេងទៀតអោយដឹងដែរថា : ទោះជាយ៉ាងនេះក្តី ក៏ជនជាប់ចោទនៅបានឆ្លើយបដិសេធនិងផ្លាស់ប្តូរចម្លើយ នៅពេលបំភ្លឺទៅសមត្ថកិច្ចអនុវត្តច្បាប់ទាំងនៅដំណាក់កាលស្រាវជ្រាវ ស៊ើបសួរនិងដំណាក់កាលជំនុំជម្រះ ហើយក៏ស្នើសុំប្តូរបទចោទផងដែរ ៕

 

 

You might like