ត្រឹមរយៈពេល៩ខែ សមត្ថកិច្ចចាប់ឃាត់រថយន្តដឹកលើសទម្ងន់បានជាង៧៥ម៉ឺនគ្រឿង

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៤ មានរថយន្តធន់ធំដឹកលើសទម្ងន់កំណត់តាមផ្លូវសាធារណៈហើយត្រូវអាជ្ញាធរចាប់ឃាត់បានចំនួន៧៥៦ ១៧៣គ្រឿង ត្រូវរងការពិន័យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤…។

ក្រសួងអះអាងថា តាមរបាយការណ៍៩ខែចុងក្រោយ ឆ្នាំ២០២៤ ស្តីពីលទ្ធផលការងារលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មានរថយន្តប្រមាណ ២ ៣៤៨ ៩៦៨គ្រឿង(ជាង២លានគ្រឿង) ត្រូវបានត្រួតពិនិត្យ។ ក្នុងនោះមន្ត្រីជំនាញបានរកឃើញ រថយន្តផ្ទុកលើសទម្ងន់កំណត់ចំនួនជាង៧៥ម៉ឺនគ្រឿង ខណៈរថយន្តលើសកម្រិតកំណត់ខ្លាំងត្រូវឃាត់ទុក១ឆ្នាំ មានចំនួន៨៦គ្រឿង។

ទន្ទឹមនឹងការបង្ហាញទិន្នន័យនេះ ក្រសួង អំពាវនាវដល់ដល់សាធារណជន ជាពិសេសម្ចាស់រថយន្តធន់ធំ ត្រូវចូលរួមគោរពច្បាប់។ ដ្បិតក្រសួងយល់ថា ការផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែក មួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់យើងកុំឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរ តាមដងផ្លូវជាមួយគ្នា។

សូមជម្រាបថា ទម្ងន់ដឹកជញ្ជូនអតិបរមា​លើបណ្តាញផ្លូវថ្នល់​តាមប្រភេទយានយន្តត្រូវបានក្រសួងកំណត់រួមមាន៖ យានយន្ត២ភ្លៅ អនុញ្ញាតឱ្យដឹកបាន​ទម្ងន់​១៦តោន។ យានយន្តសណ្តោងរ៉ឺម៉ក ​ឬសណ្តោងសឺមីរ៉ឺម៉ក​ មាន៦ភ្លៅ​ឡើងទៅ​ អាចដឹកបានទម្ងន់កំណត់​៤៥តោន។ ចំពោះរថយន្តដែលផ្ទុកលើសចាប់ពី២០ភាគរយឡើងទៅនឹងត្រូវរងពិន័យ ដកបណ្ណបើកបរព្យួរទុកចំនួន២ឆ្នាំ ឃាត់យានយន្តទុក១ឆ្នាំ។ រក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំ យានយន្តដោយខ្លួនឯង។ ឈានទៅបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន១ឆ្នាំ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្ដងរួចមកហើយ និងនៅតែបន្តប្រព្រឹត្តល្មើសទៀត៕

You might like