កម្ពុជាបដិសេធព័ត៌មានពាក់ព័ន្ធការបង្ខាំងមនុស្ស ធ្វើទារុណកម្មលើពលករបរទេស និងបង្ខំឱ្យធ្វើការ Call Center

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃបានអះអាងថា អំពើខុសច្បាប់ពាក់ព័ន្ធនឹង Call Center គឺជាបទល្មើសសកលកើតឡើងតាមបណ្តារដ្ឋជុំវិញពិភពលោក ហើយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏មានឆន្ទៈយ៉ាងមុះមុតក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់អំពើខុសច្បាប់លើ Call Center នេះដែរ។

តាមសេចក្តីប្រកាសព័ត៌មាននាយប់ថ្ងៃទី២៥តុលា ក្រសួងបានប្រកាសបដិសេធការផ្សាយរបស់បណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ថាជាការមួលបង្កាច់លាបពណ៌មកលើកម្ពុជាដែលបណ្តែតបណ្តោយឱ្យមានបញ្ហានេះកើតឡើង។ ការបដិសេដធ្វើឡើងស្របនឹងមានផ្ទុះការចែកចាយលើបណ្ដាញសង្គម ជុំវិញការចុះផ្សាយរបស់ទូរទស្សន៍ KBS របស់កូរ៉េថាពលរដ្ឋខ្លួនត្រូវបានបង្ខាំង និងចាប់ជំរិតនៅកម្ពុជា។

ក្រសួងមហាផ្ទៃឡើងលើកថា៖ «យករូបភាពពីនេះពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិកាកលុយតាមប្រព័ន្ធអ៊ីនធឺណេត (MMO) និងយករូបភាពចាស់ៗ ដែលសមត្ថកិច្ចកម្ពុជាធ្លាប់ចុះបង្ក្រាបកន្លងទៅ មកផ្តុំបញ្ចូលគ្នារួចអត្ថាធិប្បាយបំផ្លើសពីការពិតហាក់បីដូចជា គម្រោងផែនការទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជាលើឆាកអន្តរជាតិ»។

យ៉ាងណាមិញ ក្រោយឃើញការចែកចាយសារព័ត៌មានកូរ៉េ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាកម្លាំងជំនាញនៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវបន្ទាន់ភ្លាម ហើយជាលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា កាលពីថ្ងៃទី៥សីហា ឆ្នាំ២០២៤កន្លងទៅ មានស្ត្រីជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ។ ស្ត្រីនោះ អះអាងថា ពុំអាចទាក់ទងប្ដីខ្លួនបានឡើយ។ បន្ទាប់ពីបានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ កម្លាំងជំនាញរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីសួរនាំបន្ដ ខណៈជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឱ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។

ក្រសួងថាស្ថានទូតនៃសាមីជនបរទេសតែងសហការជាមួយរដ្ឋដែលមានករណីកើតឡើង។ ក្នុងនោះ កម្ពុជាក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពជាមួយបណ្តាស្ថានទូត បរទេសប្រចាំនៅកម្ពុជា និងបណ្តារដ្ឋដទៃទៀតផងដែរ។ ជាការកត់សម្គាល់ រាល់ពាក្យប្តឹងរបស់សាមីខ្លួនភាគច្រើននៅពេលសមត្ថកិច្ចចុះស្រាវជ្រាវ រកពុំឃើញដូចកម្មវត្ថុបណ្ដឹងឡើយ តែភាគច្រើនជាករណីរដ្ឋប្បវេណី ទំនាស់កិច្ចសន្យា លក្ខខណ្ឌការងារ ទំនាស់បុគ្គល ឯកជន និងជាលេសដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើតវិញជាដើម។

គួររំលឹកផងដែរថា កម្ពុជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលថ្មីៗនេះបានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិ ២០២៤-២០២៨ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ដោយមានសមាសភាពចូលរួមពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាប្រតិបត្តិករ។ បន្ថែមពីនេះ កម្ពុជាបានបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបករណីមិនប្រក្រតីតាមប្រព័ន្ធ Call Center កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ និងបានចុះស្រាវជ្រាវបង្ក្រាបករណីជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រាជធានី ភ្នំពេញ កោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀងជាដើម៕

ជនបរទេសដែលសមត្ថកិច្ចចុះទៅរំដោះនៅខេត្តកំពង់ស្ពឺ បន្ទាប់ពីសង្ស័យថា មានការប្រព្រឹ​ត្តបទល្មេីស​ធ្វើ​ទារុណកម្ម​

You might like