អាជ្ញាធររកឃើញទីតាំងផលិតប្រហុកផ្អកពុំមានច្បាប់អនុញ្ញាត និងគ្មានអនាម័យនៅស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ ទីតាំងផលិតប្រហុកផ្អកមួយកន្លែង ស្ថិតនៅផ្សារប្រហុក ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ត្រូវមន្រ្តីអធិការកិច្ចម្ហូបអាហារ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះធ្វើការហាមឃាត់អប់រំ ណែនាំដល់ម្ចាស់អាជីវកម្ម ក្រោយរកឃើញថា ការផលិតពុំទាន់មានច្បាប់អនុញ្ញាត និងគ្មានអនាម័យ…។


ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៤តុលា ដោយមន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតប្រហុក ផ្អក មន្រ្តីជំនាញបាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីធ្វើការវិភាគបឋមនៅនឹងកន្លែងផងដែរ។ ការពិនិត្យត្រូវបានផ្តោតលើការប្រើប្រាស់សារធាតុគីមីហាមឃាត់ អនាម័យទូទៅនៃកន្លែងផលិត កន្លែងស្តុក ច្រវាក់ផលិតកម្ម វត្ថុធាតុដើម និងផលិតផលសម្រេច ខណៈលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីអធិការកិច្ចបានរកឃើញថា៖ ការផលិតពុំទាន់មានច្បាប់អនុញ្ញាត ប្រកបអាជីវកម្ម ព្រមទាំងការផលិត កែច្នៃ វេចខ្ចប់ មិនទាន់បានសមស្របតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យនៅឡើយទេ។

ទោះបីជាយ៉ាងណា ក្រោយចប់ប្រតិបត្តិការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានអប់រំណែនាំដល់ម្ចាស់អាជីវកម្មមកឱ្យកែតម្រូវនូវចំណុចខ្វះខាតដែលមន្រ្តីជំនាញបានរកឃើញ និងបានណែនាំអំពីលក្ខខណ្ឌតម្រូវមួយចំនួនពាក់ព័ន្ធនឹងការផលិតម្ហូបអាហារ ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ ជាមួយគ្នានោះ មន្រ្តីជំនាញបានដកយកគំរូផលិតផលមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគឡើងវិញ។ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អ្នកផលិត អ្នកកែច្នៃផលិតផលម្ហូបអាហារទាំងអស់ សូមផលិត និងកែច្នៃម្ហូបអាហារអនុលោមតាមគោលការណ៍ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងលក្ខខណ្ឌតម្រូវនានា ដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជូនអ្នកប្រើប្រាស់៕

You might like