រាជរដ្ឋាភិបាល ពិភាក្សាគ្នាពីការរៀបចំថវិកាសម្រាប់ចាយនៅឆ្នាំ២០២៥

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំកញ្ចប់ថវិកាជាតិ ដែលត្រូវចាយវាយក្នុងឆ្នាំ២០២៥ ខណៈឆ្នាំថ្មីនេះ នឹងចូលមកដល់ នៅរយៈពេលតែជាង២ខែទៀតប៉ុណ្ណោះ។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ គឺជារបៀបវារៈសំខាន់នៃកិច្ចប្រជុំ…។

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី (រូបពីអង្គភាពអ្នកនាមពាក្យរាជរដ្ឋាភិបាល)។

ឯកសារ ដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច បង្ហាញថា ថវិកាជាតិ សម្រាប់ចាយនៅឆ្នាំ២០២៥ មានជាង៩ពាន់៣រយលានដុល្លារ ដោយគិត១ដុល្លារ ស្មើនឹង៤ពាន់រៀល។ រីឯថវិកាជាតិ ដែលត្រូវបានរៀបចំសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤វិញ មានជាង៩ពាន់២រយលានដុល្លារ។ តាមគណនា ថវិកាជាតិ ដែលគ្រោងសម្រាប់ប្រើប្រាស់នៅឆ្នាំ២០២៥ ខាងមុខ ច្រើនជាង ឬកើនឡើងតែបន្តិចប៉ុណ្ណោះ គឺកើនឡើងត្រឹម០,៩៩ភាគរយ ឬអាចត្រឹម១ភាគរយ បើធៀបនឹងថវិកាជាតិ ដែលត្រូវបានរៀបចំសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤។

ជាធម្មតា ថវិកាជាតិ ឬថវិការដ្ឋ តែងត្រូវបានបែងចែកទៅគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពនៅថ្នាក់ជាតិ រួមទាំងរដ្ឋបាលនៅថ្នាក់ក្រោមជាតិផងដែរ ដើម្បីប្រើប្រាស់ជាប្រចាំឆ្នាំ។ ក្នុងឆ្នាំ២០២៤នេះ មានស្ថាប័នជាតិ៥ ដែលទទួលបានថវិកាច្រើនជាងគេ គឺក្រសួងអប់រំ លំដាប់ទី១ ក្រសួងការពារជាតិលំដាប់ទី២ ក្រសួងសាធារណការ លំដាប់ទី៣ ក្រសួងសុខាភិបាល លំដាប់ទី៤ និងក្រសួងមហាផ្ទៃ លំដាប់ទី៥៕

You might like