ភ្នំពេញ៖ កម្ពុជា-កូរ៉េខាងត្បូងបានរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន លើកទី១ ក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េសំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

កិច្ចប្រជុំនេះដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Park Jung Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាទី២៤ ខែតុលា ឆ្នាំ២០២៤ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA), សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនផងដែរ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្ដីក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធនឹងនិន្នាការវិនិយោគនៅកម្ពុជាមានជាអាទិ៍ ស្ថានភាពនៃរំហូរវិនិយោគ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ជូនភាគីមិត្តផងដែរ។ អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុសផុលប្រកបដោយការទទួលខុសត្រូវខ្ពស់លើប្រធានបទចំនួន៧ គ្របដណ្ដប់លើវិស័យពន្ធដារ ភស្តុភារកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងស្មារតីជឿជាក់ថារាល់បញ្ហាប្រឈមត្រូវតែមានដំណោះស្រាយឈ្នះ-ឈ្នះ សំដៅធានាបាននូវភាពសុខដុមរមនា និងភាពកក់ក្ដៅជូនវិនិយោគិន។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការរៀបចំកិច្ចសន្ទនានេះក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ចសំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។ ចំពោះស្ថានភាពវិនិយោគនៅកម្ពុជា លោក Park មានជំនឿចិត្តយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនឹងកាន់តែមានភាពស្រស់បំព្រងគួរជាទីមោទនៈ។
គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាផ្លូវការនេះជាបៀបវារៈថ្មីដែលរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យូន ស៊កយ៉ល ប្រធានាធិបតីកូរ៉េ ក្នុងជំនួបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។ រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ និងស្ដាប់នូវរាល់កង្វល់របស់វិនិយោគិនកូរ៉េ តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់សំដៅធានាដល់ការតាមដាន និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព៕

