មេអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឱ្យយកអាវុធហត្ថម្នាក់ទៅសួរ ក្រោយបោចសក់អូសអ្នកបើកបរយកទៅពិនិត្យ

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តកណ្តាល បានហៅកងរាជអាវុធហត្ថម្នាក់របស់ខ្លួន គឺ លោក ពៅ សាលួត ទៅសួរនាំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ពីទង្វើរបស់លោក ដែលចាប់បោចសក់អ្នកបើករថយន្តធន់ធំ ហើយអូសយកទៅដោះស្រាយជុំវិញការបើកបរ។ វីដេអូអំពីសកម្មភាពនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម ធ្វើឱ្យកងរាជអាវុធហត្ថរូបនេះ រងការរិះគន់ពីសាធារណជនមិនស្ទើរឡើយ តែក៏មានអ្នកខ្លះ បន្ទោសលើអ្នកបើកបរនោះដែរ។

រូបលោក សៅ សុខា ពី GRK News

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តល់ព័ត៌មានលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោក ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងល្មើសបទវិន័យកងទ័ព ត្រូវបានមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលកោះហៅ ដើម្បីត្រួតពិនិត្យក្នុងជំហានដំបូង។ លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ក្នុងករណីរកឃើញលោក ពៅ សាលួត ប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។ បើតាមសំណេររបស់អ្នកនាំពាក្យរូបនេះ ការចាត់វិធានការលើលោក ពៅ សាលួត គឺជាការអនុវត្តតាមពាក្យស្លោករបស់កងរាជអាវុធហត្ថ ដែលចែងថា៖«ចំពោះប្រទេសជាតិ ត្រូវតែការពារ, ចំពោះប្រជាជនត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព, បទល្មើសត្រូវតែបង្ក្រាប»។

លោក ពៅ សាលួត (អង្គុយម្នាក់ឯង) ស្ថិតនៅចំពោះមុខមន្រ្តីអាវុធហត្ថពីររូប ជាអ្នកសួរចម្លើយ។ 

លោក ពៅ សាលួត បានឈរជើងតាមដងផ្លូវជាមួយប៉ូលិសចរាចរណ៍ ដើម្បីឃាត់រថយន្តបើកខុសច្បាប់ និងត្រួតពិនិត្យអ្នកបើកបរដែលមិនគ្រប់លក្ខណសម្បត្តិ។ បុរសដែលត្រូវលោក ពៅ សាលួត ចាប់បោចសក់ និងអូសយកទៅពិនិត្យ ជាអ្នកបើករថយន្តធន់ធំ ជាប្រភេទរថយន្តដឹកទំនិញ។ តាមរយៈវីដេអូឃ្លីប អ្នកបើកបរត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជាឱ្យឈប់រថយន្ត ដើម្បីចុះទៅឱ្យកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ។ អ្នកបើកបរនោះ បានឈប់រថយន្ត តែពុំបានចុះពីរថយន្តភ្លាមៗ តាមបញ្ជារបស់កម្លាំងសមត្ថកិច្ចភ្លាមនោះទេ។ លោក ពៅ សាលួត សួរទៅអ្នកបើករថយន្ត ដូច្នេះថា៖«សមត្ថកិច្ចហៅអូនឯងស្រួលបួល ម៉េចមិនចុះ..?»។ បន្ទាប់មក អ្នកបើកបរ ក៏បើកទ្វាររថយន្ត និងបានចុះពីរថយន្ត។ គ្រាន់តែដាក់ជើងដល់ដីភ្លាម អ្នកបើកបរនោះ ក៏ត្រូវលោក ពៅ សាលួត ចាប់បោចសក់ និងអូសយកទៅកន្លែងសមត្ថកិច្ច ដើម្បីត្រួតពិនិត្យ។

លោក អេង ហ៊ី 

នៅលើបណ្តាញសង្គម គេឃើញលិខិតកិច្ចសន្យាមួយ ដែលមានឈ្មោះ និងស្នាមមេដៃរបស់អ្នកបើកបររថយន្តធន់ធំខាងលើ។ ក្នុងលិខិតនោះ អ្នកបើកបរ អះអាងថា ខ្លួនត្រូវសមត្ថកិច្ចចម្រុះហៅឱ្យឈប់រថយន្តដើម្បីត្រួតពិនិត្យ តែពុំបានឈប់ ដោយនៅតែបន្តបើក ហើយកម្លាំងសមត្ថកិច្ចក៏ជិះដេញតាម ទើបព្រមឈប់រថយន្តនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងលិខិតដដែលនោះ អ្នកបើកបរ សន្យាថា នឹងគោរពសមត្ថកិច្ចតាមដងផ្លូវ ហើយនឹងទៅប្រឡងយកបណ្ណបើកបរ។ អ្នកបើកបរវ័យ២៩ឆ្នាំរូបនោះ ថែមទាំងសន្យាទៀតថា នឹងទទួលខុសត្រូវតាមច្បាប់ បើថ្ងៃក្រោយ នៅតែយករូបភាពកម្លាំងសមត្ថកិច្ចត្រួតពិនិត្យតាមដងផ្លូវ ទៅបង្ហោះលើបណ្តាញសង្គម៕

You might like