កសិកម្មជាង៣ម៉ឺនហិកតារងនូវផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈខេត្តខ្លះនៅមិនទាន់ទទួលបានពូជស្រូវត្រឡប់មកវិញ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេរដូវវស្សាលើកទី២ ចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានធ្វើឱ្យផ្ទៃដីដាំដុះដំណាំកសិកម្មរបស់ប្រជាកសិករប្រមាណជាង៣ម៉ឺនហិកតារងផលប៉ះពាល់ ដែលមកទល់នឹងពេលនេះ ខេត្តមួយចំនួននៅមិនទាន់ទទួលបានគ្រាប់ពូជសម្រាប់ការដាំដុះឡើងវិញនៅឡើយ ។ នេះបើតាមរបាយការណ៍ទទួលបានពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់…។

   ទឹកជំនន់បានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ

របាយការណ៍ដដែលបានឱ្យដឹងថា ទឹកជំនន់រដូវវស្សាលើកទី២ បានចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដែលបានបិទបញ្ចប់នេះ បានធ្វើឱ្យប៉ះពាល់ដំណាំរបស់ប្រជាកសិករក្នុងខេត្តចំនួន១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ព្រៃវែង កណ្តាល និងខេត្តប៉ៃលិន។ ផ្ទៃដីប៉ះពាល់ដំណាំសរុបចំនួន៣០៦០៩ហិកតា និងខូចខាតសរុបចំនួន១៨៥៥៩ហិកតា ក្នុងនោះដំណាំស្រូវប៉ះពាល់មានចំនួន២៩៩១៥ហិកតា ខូចខាតចំនួន១៨១២៧ហិកតា ដំណាំស្បៀងរួមផ្សំប៉ះពាល់ចំនួន១០៤១ហិកតា ដែលខូចខាតចំនួន៨៩៦ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចប៉ះពាល់ចំនួន១១១៦ហិកតា។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចែកគ្រាប់ពូជស្រូវជូនប្រជាកសិករ

ក្រោយទទួលរងការវាយប្រហារ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងអន្តរាគមន៍ ចែកគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនប្រជាកសិករឱ្យដាំដុះស្តារឡើងវិញលើផ្ទៃដីដែលបានខូចខាត ដោយគិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ទទួលបានគ្រាប់ពូជស្រូវប្រមាណ១ពាន់តោន ចែកជូនប្រជាកសិករក្នុងខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាង១ម៉ឺនគ្រួសារ សម្រាប់ដាំដុះស្តារឡើងវិញ។ ចំណែកខេត្តកំពង់ធំ កសិករដែលរងគ្រោះដោយទឹកជំនន់រដូវវស្សាលើកទី១ បានទទួលគ្រាប់ពូជប្រមាណ ៤០០តោន ចែកជូនកសិករ៤៦៧២គ្រួសារ សរុបទាំង២លើក គ្រាប់ពូជស្រូវចែកជូនដល់កសិករមានជា១៥០០តោន ស្មើនឹង១៥៥៥៥គ្រួសារ ក្នុងការស្តារការខូចខាតឡើងវិញ។

   ទឹកជំនន់បានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ

ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសម្របសម្រួលការស្នើសុំគ្រាប់ពូជ នឹងចូលរួមបែងចែកគ្រាប់ពូជដំណាំគ្រាប់ពូជស្រូវ នៅតាមគោលដៅខេត្តដែលទទួលរងគ្រោះជាបន្តបន្ទាប់ទៀត។ តាមរបាយការណ៍ មានតែខេត្តចំនួន៤ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ធំ ប៉ុណ្ណោះ ដែលទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលសម្រាប់ស្តារការខូចខាតឡើងវិញ ខណៈខេត្តស្ទឹងត្រែង មណ្ឌលគិរី សៀមរាប ព្រៃវែង កណ្តាល និងខេត្តប៉ៃលិន ដែលទទួលរងផលប៉ះពាល់ដូចគ្នា នៅមិនទាន់ទទួលបានពូជស្រូវនៅឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ SBM News នៅមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននៅឡើយទេបើគិតត្រឹមម៉ោងចេញផ្សាយនេះ៕

You might like