មនុស្ស​១៤​នាក់​ស្លា.ប់ និង​រាប់​ម៉ឺននាក់​ត្រូវ​ជម្លៀសទៅទីទួលសុវត្ថិភាព ខណៈ​ព្យុះ​វាយ​ប្រហារ​ហ្វីលីពីនសាជាថ្មី

រដ្ឋធានីម៉ានីល៖ ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន កំពុងខ្នះខ្នែងសង្គ្រោះអ្នកស្រុកដែលរងផលប៉ះពាល់ដោយព្យុះត្រូពិចត្រាមី (Trami) ឬគ្រីស្ទីន (Kristine)  ដោយបានសម្លាប់មនុស្ស១៤នាក់ និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព ខណៈវាកំពុងបោកបក់ឆ្ពោះទៅឆ្នេរសមុទ្ទភាគខាងកើត។

ភ្លៀងធ្លាក់យ៉ាងគំហុកបានកែប្រែផ្លូវទៅជាទន្លេ លិចភូមិទាំងមូល និងបានកប់រថយន្តមួយចំនួននៅក្នុងដីល្បាប់ភ្នំភ្លើងដោយសារភ្លៀងធ្លាក់។ យ៉ាងហោចណាស់មនុស្ស៣២០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេស ខណៈព្យុះនេះខិតកាន់តែជិតកោះលូហ្សុន (Luzon)។ នៅក្នុងតំបន់ Bicol មានចម្ងាយប្រហែល៤០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ទឹកជំនន់បានហក់ឡើងខ្ពស់មិននឹកស្មានដល់ កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ក្រុម​គ្រួសារ​​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ក្នុងតំបន់ Bicol កំពុង​ត្រូវ​បាន​ផ្តល់​ជម្រក​នៅ​មជ្ឈមណ្ឌល​ជម្លៀស​ប្រហែល២៥០០ ដែល​នៅ​រាយប៉ាយ​ពាសពេញ​តំបន់។

អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ លោកស្រី លូអ៊ីសា កាលូបាគីប (Luisa Calubaquib) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖«យើងបានបញ្ជូនក្រុមជួយសង្គ្រោះ ប៉ុន្តែពួកគេពិបាកចូលទៅក្នុងតំបន់មួយចំនួន ដោយសារទឹកជំនន់មានកម្រិតខ្ពស់ ហើយចរន្តទឹកខ្លាំងពេក»។ មនុស្ស ១១នាក់ បានលង់ទឹកស្លាប់ អំឡុងពេលទឹកជន់លិចក្នុងទីក្រុង Naga។ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ទីភ្នាក់ងាររដ្ឋាភិបាលនៅព្រឹកថ្ងៃពុធ លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស បាននិយាយថា៖« គ្រោះថ្នាក់ដ៏អាក្រក់បំផុតមិនទាន់មកដល់ទេ។ ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះថា.. អ្វីដែលយើងអាចធ្វើបានគឺ អង្គុយរង់ចាំសង្ឃឹម និងអធិដ្ឋានកុំឱ្យមានការបំផ្លិចបំផ្លាញច្រើន កុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត»។ ព្យុះត្រូពិច ត្រា បានបង្ខំឱ្យសាលារៀន និងការិយាល័យរដ្ឋាភិបាលត្រូវបិទរយៈពេលពីរថ្ងៃជាប់គ្នា។ ធនាគារកណ្តាលក៏បានលុបចោលការជួញដូររូបិយបណ្ណបរទេស និងប្រតិបត្តិការរូបិយវត្ថុ។

ព្យុះទីហ្វុង គឺជារឿងធម្មតានៅជុំវិញតំបន់នៅពេលនេះនៃឆ្នាំនេះ។ ទោះជាយ៉ាងណា ការសិក្សាថ្មីមួយបានបង្ហាញថា ព្យុះមានកាន់តែច្រើន កាន់តែខ្លាំងឡើងកាន់តែលឿន និងយូរអង្វែងនៅលើដី ដោយសារតែការប្រែប្រួលអាកាសធាតុ។ ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់។ គួររំឭកថា ក្នុងឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan ជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតមួយក្នុងពិភពលោក បានធ្វើឱ្យមនុស្សជាង៧៣០០នាក់ស្លាប់ ឬបាត់ខ្លួន ធ្វើឱ្យភូមិទាំងមូលរាបស្មើ និងធ្វើឱ្យមនុស្សជាង៥លាននាក់ នៅកណ្តាលប្រទេសហ្វីលីពីនត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព៕

You might like