អន្តរជាតិ៖ សហរដ្ឋអាម៉េរិក បានបញ្ជាក់ជាលើកដំបូងកាលពីថ្ងៃពុធទី២៣ តុលាថា ខ្លួនបានរកឃើញភស្តុតាងដែលអាចបង្ហាញថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន៣០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការដាក់ពង្រាយនៅក្នុងសង្គ្រាមអ៊ុយក្រែន…។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បាននិយាយនៅទីក្រុងរ៉ូម ថា វានឹងជារឿងធ្ងន់ធ្ងរខ្លាំងណាស់ ប្រសិនបើទាហានកូរ៉េខាងជើងកំពុងរៀបចំប្រយុទ្ធជាមួយរុស្ស៊ីនៅអ៊ុយក្រែន ដូចដែលរដ្ឋធានីកៀវ បានចោទប្រកាន់។ លោក អូស្ទីន បានប្រាប់អ្នកយកព័ត៌មានដោយប្រើប្រាស់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា៖«មានភស្តុតាងបង្ហាញថា កងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ មានវត្តមាននៅក្នុងប្រទេសរុស្ស៊ី»។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធ អ្នកនាំពាក្យសេតវិមាន លោក ចន ឃឺប៊ី បាននិយាយថា សហរដ្ឋអាម៉េរិកជឿជាក់ថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ៣០០០នាក់ កំពុងទទួលការហ្វឹកហ្វឺននៅមូលដ្ឋានយោធាចំនួនបីនៅភាគខាងកើតប្រទេសរុស្ស៊ី។ លោកបន្តថា សហរដ្ឋអាម៉េរិកកំណត់ថា ទាហានកូរ៉េខាងជើងត្រូវបានដឹកជញ្ជូនតាមកប៉ាល់នៅដើមខែ រហូតដល់ពាក់កណ្តាលនៃខែតុលា ពីតំបន់ Wonsan របស់កូរ៉េខាងជើង ទៅកាន់ទីក្រុង Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី មុនពេលត្រូវបានគេនាំយកទៅកន្លែងហ្វឹកហាត់យោធាចំនួនបីនៅភាគខាងកើតប្រទេសរុស្ស៊ី។ លោក ឃឺប៊ី បានបន្ថែមថា៖«យោធាអ៊ុយក្រែននឹងការពារខ្លួនប្រឆាំងនឹងទាហានកូរ៉េខាងជើង តាមរបៀបដែលពួកគេការពារខ្លួនប្រឆាំងនឹងទាហានរុស្ស៊ី»។

នៅសេអ៊ូល សមាជិកសភាបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីត្រូវបានរាយការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងថា រដ្ឋធានីព្យុងយ៉ាង បានសន្យាថា នឹងផ្តល់កងទ័ពសរុបប្រហែល១ម៉ឺននាក់ ហើយការដាក់ពង្រាយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែធ្នូ។ សញ្ញានៃទាហានកូរ៉េខាងជើង ដែលបានបណ្តុះបណ្តាលនៅរុស្ស៊ី ត្រូវបានរកឃើញនៅក្នុងខែកញ្ញា និងខែតុលា។ សហរដ្ឋអាម៉េរិកអះអាងថា ការដាក់ពង្រាយរបស់កូរ៉េខាងជើង អាចជាភស្តុតាងបន្ថែមទៀតថា យោធារុស្ស៊ីកំពុងមានបញ្ហា។

យោងតាមតួលេខចុងក្រោយបំផុតពីសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង កូរ៉េខាងជើង បានបញ្ជូនកងកម្លាំងពិសេសប្រហែល១៥០០នាក់ទៅកាន់ប្រទេសរុស្ស៊ីតាមកប៉ាល់ ហើយពួកគេទំនងជាត្រូវបានដាក់ពង្រាយសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនបន្ទាប់ពីការហ្វឹកហ្វឺន។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានចោទប្រកាន់រដ្ឋធានីព្យុងយ៉ាង ថាបានរៀបចំបញ្ជូនទាហាន១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ី។ ភ្នាក់ងារចារកិច្ចអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃទី២៣ថា ទាហានកូរ៉េខាងជើងចំនួន១៨នាក់ បានរត់ចោលជួរ កំលុងពេលហ្វឹកហាត់នៅរុស្ស៊ីក្នុងតំបន់ Kursk។ ពីរថ្ងៃក្រោយមក ទាហានទាំងនោះ ត្រូវចាប់បានដោយអាជ្ញាធររុស្ស៊ី ចម្ងាយប្រហែល60គីឡូម៉ែត្រពីទីតាំងដើមរបស់ពួកគេ។

មែនទែនទៅ វិមានក្រឹមឡាំងបានច្រានចោលការអះអាងរបស់រដ្ឋធានីសេអ៊ូល អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ថាជាព័ត៌មានក្លែងក្លាយ ហើយអ្នកតំណាងកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានហៅវាថា ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ។ ទាំងរដ្ឋធានីម៉ូស្គូ និងព្យុងយ៉ាង ក៏បានបដិសេធការផ្ទេរសព្វាវុធផងដែរ ប៉ុន្តែប្រទេសផ្តាច់ការទាំង២ បានសន្យាជំរុញទំនាក់ទំនងយោធា និងបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា៕

