ទំនិញហួសកាលបរិច្ឆេទប្រមាណជាង២០០គីឡូក្រាម ត្រូវបានរកឃើញដាក់លក់ក្នុងទីផ្សារខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ មន្ត្រីជំនាញនៃអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃពុធ បានធ្វើការចុះត្រួតពិនិត្យ រកឃើញមានទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណជាង២០គីឡូក្រាម ដាក់លក់ក្នុងទីផ្សារក្នុងភូមិសាស្ត្រនៃស្រុកថ្មគោល និងក្រុងបាត់ដំបង។

ប្រតិបត្តិការនេះ ធ្វើរយៈពេល២ថ្ងៃ ដោយ ក.ប.ប. សាខាខេត្តបាត់ដំបងបាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងអនុលោមភាពនៃទំនិញលើទីផ្សារបរិភោគនៅតាមផ្ទះលក់ដូរ ដេប៉ូចែកចាយ និងទីផ្សារនានា ក្នុងស្រុកមួយ និងក្រុងបាត់ដំបងរួមមាន៖ សង្កាត់អូរចារ និងស្រុកថ្មគោល។ បេសកកម្មនេះ មន្រ្តីជំនាញបានរកឃើញទំនិញមានលាយសារធាតុគីមី ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញរំលោភសិទ្ធិផ្តាច់មុខមួយចំនួន រួមមាន៖ ទំនិញលាយសារធាតុគីមីហាមឃាត់ រួមមាន៖ ពពុះសណ្តែកចំនួន១០គីឡូក្រាម ទំនិញហួលកាលបរិច្ឆេទប្រើប្រាស់ដូចជា នំធុង ស្ពៃជ្រក់ ទឹកដោះគោ និងមួយចំនួនទៀតសរុបប្រមាណជាង២៣៨គីឡូក្រាម និងទំនិញរំលោភសិទ្ធិផ្តាច់មុខ ដូចជា ភេសជ្ជៈ ចំនួន៧៨០កំប៉ុង ប្រេងកូឡា និងថ្នាំដុសធ្មេញសរុបចំនួន៨៩ប្រអប់ផងដែរ។

ចំពោះទំនិញមានសារធាតុគីមីហាមឃាត់ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតមករក្សាទុកតាមនីតិវិធី ខណៈទំនិញរំលោភសិទ្ធិផ្តាច់មុខ តម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់ និងទិញយកមកលក់បន្តទៅទៀត។ នេះបើតាម ក.ប.ប.។ គួរបញ្ជាក់ថា នាថ្ងៃទី២២​តុលា ឆ្នាំ២០២៤ ដូចគ្នា ក.ប.ប. ក៏បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ផ្សេងទៀត សរុបប្រមាណ១៨គីឡូក្រាម នៅក្នុងផ្សារព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្សារយាយត្រប់ ស្រុកសំរោង ខេត្តតាកែវ៕

You might like