រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃគម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ផ្នែកខាងកើតទៅកាន់ផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនឹងធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផលប៉ះពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស និងមានផលចំណេញខ្ពស់។ ជាលទ្ធផល អង្គប្រជុំនេះបានឯកភាពគ្នាលើជម្រើសខ្សែផ្លូវ ១ ក្នុងចំណោមជម្រើស ២ខ្សែផ្លូវ ដែលក្រុមហ៊ុនបានសិក្សា ដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងនយោបាយជាដើម។
ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនShanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរនោះ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំដល់ភាគីពាក់ព័ន្ធធ្វើការផ្តល់ព័ត៌មានបន្ថែមទៀត ដើម្បីក្រុមហ៊ុនមានមូលដ្ឋានបញ្ចប់របាយការណ៍តាមការណែនាំរបស់អង្គប្រជុំ និងដាក់លទ្ធផលរបាយការណ៍នៃការសិក្សាជូនថ្នាក់ដឹកនាំពិនិត្យសម្រេចឱ្យបានឆាប់។

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១នេះ បានសិក្សាលើផ្លូវចំនួន២ខ្សែជាជម្រើស ក្នុងនោះជម្រើសផ្លូវទី១ មានប្រវែង១,៥៩៥គ.ម និងជម្រើសផ្លូវទី២ មានប្រវែង ១,៤៩០គ.ម ខ្សែផ្លូវទាំងពីរនេះ តភ្ជាប់ពីស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕



