ចិនប្ដេជ្ញាកៀរគរទេសចរមកទស្សនាកម្ពុជាឱ្យបាន១លាននាក់ក្នុង១ឆ្នាំ

ខេត្តហឺណាន៖ រដ្ឋបាលខេត្តហឺណាននិងក្រុងចឹងចូវខិតខំជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយទាំងនៅខេត្តហឺណាន និងខេត្តក្រុងដទៃទៀតនៅប្រទេសចិន ដើម្បីកៀរគរទេសចរមកទស្សនាកម្ពុជា ក្នុងដំណាក់កាលដំបូងឱ្យបាន១លាននាក់ក្នុង១ឆ្នាំ តាមការស្នើសុំរបស់ក្រសួងទេសចរណ៍កម្ពុជា។

នេះបើតាមការលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសលោកចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញមូស៊ូអន្តរជាតិ លើកទី១៣ នៅថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋ ប្រជាមានិតចិន។ មូលហេតុដែលហឺណានជាខេត្តដែលកម្ពុជាដាក់គោលដៅចាប់យកឱកាសក្នុងការស្រូបយកភ្ញៀវទេសចរ ដោយសារខេត្តនេះស្ថិតនៅភាគកណ្តាលនៃប្រទេសចិន មានប្រជាជនប្រមាណ១០០លាននាក់ហើយមានសក្តានុពលដ៏ធំធេង។ ក្នុងជំនួបនេះដែរ ភាគីចិនថានឹងពិនិត្យលទ្ធភាពក្នុងការជំរុញវិនិយោគចិនមកវិនិយោគនៅកម្ពុជាថែមទៀត ក៏ដូចជាជំរុញការបង្កើនជើងហោះហើរត្រង់ និងបង្កើតជើងហោះហើរថ្មីតភ្ជាប់ពីក្រុងសំខាន់ៗរបស់ខេត្តហឺណានមកកម្ពុជាផងដែរ។

ក្រៅតែពីកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីក៏អនុញ្ញាតជូនសមាគមទេសចរណ៍ខេត្តហឺណាន ក្រុមហ៊ុនសក្តានុពលដែលប្រកបធុរកិច្ចក្នុងវិស័យទេសចរណ៍ វប្បធម៌ កីឡា ស្ថានីយផ្សព្វផ្សាយព័ត៌មានខេត្តហឺណាន សមាគមវូស៊ូចិន និងវិនិយោគិនចិននៅទីក្រុងចឹងចូវ និងខេត្តហឺណានសំខាន់ៗ ចំនួន២២ក្រុមហ៊ុន/សមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្អៗរបស់កម្ពុជាទៅដល់ប្រជាជនចិននៅតាមបណ្តាខេត្ត និងក្រុងនានា ព្រមទាំង ជំរុញការរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ទៅកម្ពុជាឱ្យបានកាន់តែច្រើន។

យ៉ាងណាមិញ ចំពោះពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិឯណោះវិញ គឺបានប្រព្រឹត្តទៅយ៉ាងមហោឡារិកដោយរួមមានការដើរក្បួនក្រុមកីឡាករក្បាច់គុនចម្រុះមកពី៥៦ប្រទេស រួមទាំងប្រទេសកម្ពុជា ការសម្ដែងទស្សនីយភាព ដ៏អស្ចារ្យ និងបង្ហាញនូវឈុតឆាកក្បាច់គុនផ្សេងៗគ្នានៃក្បាច់គុនសៅលីញវូស៊ូ។ បន្ថែមពីនេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសម្ដែងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុណសៅលីញនេះ ត្រូវបានរៀបចំយ៉ាងអធិកអធម និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដោយបាននាំយកក្បាច់គុនល្បុក្កតោកម្ពុជា មកសម្ដែងជាលើកដំបូងនៅបរិវេណមុខខ្លោងទ្វារព្រះវិហារវត្តសៅលីញដ៏ល្បីល្បាញ និងកម្មវិធីនេះទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសាធារណជនជាតិ និងអន្តរជាតិ។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះ ជាបដិការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តហឺណាន បន្ទាប់ពីថ្នាក់ដឹកនាំខេត្តហឺណាន បានដឹកនាំអ្នកសម្ដែង និងកីឡាករសៅលីញសម្ដែងរួមគ្នា ជាមួយក្រុមកីឡាករល្បុកតោកម្ពុជា ក្នុងព្រឹត្តិការណ៍ «When Shaolin Meets Bokator at Angkor» កាលពី ខែមេសា ឆ្នាំ២០២៤ នៅលើទឹកដីសៀមរាប-អង្គរ នាពេលកន្លងមក៕

You might like