ទីក្រុងហាណូយ នឹងបន្តគ្របដណ្តប់ដោយខ្យល់ពុលគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ឆ្នាំក្រោយ

អន្តរជាតិះ- ក្នុងការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet កាលពីថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០២៤, ក្រុមអ្នកជំនាញវៀតណាម បានលើកឡើងថា គុណភាពខ្យល់ក្នុងទីក្រុងហាណូយ នាពេលបច្ចុប្បន្ននេះ មិនឃើញមានសញ្ញាធូរស្រាលឡើយ ហើយវាអាចនឹងបន្តស្ថានភាពអាក្រក់នេះ រហូតដល់ខែមីនាឆ្នាំក្រោយឯណោះ។

– ប្រព័ន្ធតាមដានគុណភាពខ្យល់វៀតណាមបានបង្ហាញថា, គុណភាពខ្តល់ក្នុងទីក្រុងហាណូយ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាហេតុបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សចាស់ កុមារ និងអ្នកដែលមានជំងឺផ្លូវដង្ហើម។

– ប៉ុន្មានថ្ងៃមកនេះ តំបន់ភាគច្រើននៃទីក្រុងហាណូយ ត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់ ខណៈសន្ទស្សន៍គុណភាពខ្យល់ មានចាប់ពី ១៥៣ដល់២២២ ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់។

យោងតាមអ្នកជំនាញ ហេតុតែបណ្តាលឲ្យទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺបណ្តាលពីបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។

មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។

ពាក់ព័ន្ធខ្យល់បំណុលនេះដែរ អាជ្ញាធរ បានចេញសេចក្តីជូនដំណឹងដល់អ្នកក្រុងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយកុំចេញទៅណាបើគ្មានការចាំបាច់ ប៉ុន្តែបើចេញទៅក្រៅ ត្រូវពាក់ម៉ាស និងមានរបស់ការពារត្រឹមត្រូវ៕

 

 

You might like