អន្តរជាតិះ- ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង ១០០ គ្រឿងដែលប៉ុនប៉ងកំណត់គោលដៅវាយប្រហារក្នុងតំបន់ជាច្រើននៅក្នុងរយៈពេលតែមួយយប់។
– ក្រសួងបានបន្តថា យោធាបានរារាំង ការប៉ុនប៉ងរបស់របបក្រុងគៀវនៅក្នុងគម្រោងការវាយប្រហារភេរវកម្មដោយប្រើ UAV ប្រភេទយន្តហោះប្រឆាំងនឹងគោលដៅនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ កងការពារអាកាសបានស្ទាក់ចាប់ ឬបំផ្លាញ UAVs ចំនួន ១១០ គ្រឿង ក្នុងនោះ ៤៣ គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Kursk ក្បែរព្រំដែន ជាកន្លែងដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងតាំងពីដើមខែសីហាមក។ ចំណែក ២៧ គ្រឿងផ្សេងទៀតត្រូវបានបំផ្លាញនៅតំបន់ Lipetsk, ១៨ គ្រឿងនៅ តំបន់ Oryol និង ៨ គ្រឿងនៅតំបន់ Nizhny Novgorod ។ យន្តហោះ UAV ប្រាំពីរ និងប្រាំមួយគ្រឿងផ្សេងទៀតត្រូវបានបំផ្លាញនៅលើតំបន់ Belgorod និង Bryansk ហើយមួយគ្រឿងទៀតត្រូវបានទម្លាក់ពីលើតំបន់មូស្គូ។
– អភិបាលតំបន់ Nizhny Novgorod លោក Gleb Nikitin បាននិយាយថា ការវាយប្រហារក្នុងតំបន់បានកំណត់គោលដៅតំបន់ឧស្សាហកម្មមួយនៅខាងក្រៅទីក្រុងសំខាន់របស់តំបន់ ដែលមានចម្ងាយ ៨០០ គីឡូម៉ែត្រពីជួរមុខ។ ដោយលើកឡើងពីទិន្នន័យបឋម លោកបាននិយាយថា អ្នកពន្លត់អគ្គិភ័យបួននាក់បានរងរបួសស្រាលដោយគ្រាប់កាំជ្រួច។
– អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ដែលកំពុងហោះហើរឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ី បានធ្លាក់នៅភាគអាគ្នេយ៍នៃទីក្រុង ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថាមានអ្នកស្លាប់ ឬបំផ្លិចបំផ្លាញឡើយ។

– អ៊ុយក្រែនតែងតែបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងការវាយឆ្មក់សំដៅទៅលើកន្លែងថាមពល និងសំណង់ស៊ីវិលផ្សេងទៀត៕
