ពោធិ៍សាត់ ៖- ករណីបង្ខាំងមនុស្សធ្វើទារុណកម្មជម្រឹតទាប្រាក់ នៅខេត្តព្រះសីហនុ សមត្ថកិច្ចបានសហការគ្នារកឃើញមុខសញ្ញា និងចាប់ខ្លួនបានជនសង្សយ័ ៣នាក់ នៅចំណុចរង្វល់មូលភ្លុកដំរី ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ ២០២៤ ។
– សមត្ថកិច្ចនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ LIU YANG JIAN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ធ្វើការនៅខេត្តព្រះសីហនុ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ មានឈ្មោះ៖
ទី១- ឈ្មោះ ប្រាក់ សុធា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងឡាន ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ទី២- ឈ្មោះ SUN HOU ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ទី៣- ឈ្មោះ FAN DING HING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។
– ចំពោះជនសង្ស័យម្នាក់ឈ្មោះ FAN DING HING បានបើកបរ រថយន្តម៉ាក់ LEXUS LM 350 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CA-7658 ធ្វើការគេចខ្លួន ពីចំណុចរង្វង់មូលភ្លុកដំរី រហូតដល់បរិវេណក្រុមហ៊ុន MDS ហេងហ៊ីគ្រុប ថ្មដា ក៏បានរត់គេចឡើងលើអាគារទុកចោលមួយកន្លែង បណ្តាលឲ្យបាក់ករជើងខាងឆ្វេង។

– ប្រតិបត្តិការនេះ មានកម្លាំងប៉ុស្តិ៍ថ្មដា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការខេត្តពោធិ៍សាត់ ផងដែរ។
– ជនសង្ស័យទាំង០៣នាក់ និងជនរងគ្រោះ០១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ខេត្តពោធិសាត់ ប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធ ៕


