ឃាត់ខ្លួន​ ជនសង្ស័យ៣នាក់​ ពាក់ព័ន្ធ​ករណីភ្ជង់គំរាម និងវាយយកម៉ូតូនៅខណ្ឌទួលគោក

ភ្នំពេញ៖- រសៀល​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខ ក្រុមជនសង្សយ័ ប្រព្រឹត្តបទល្មើសភ្ជង់គំរាម និងវាយ យកម៉ូតូ ដែល សមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបាន ដោយចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្ដបន្ទាប់កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ ដែលក្រុមជនសង្សយ័ ប្រព្រឹត្ត ឡើងកាលពីថ្ងៃទី១៣ ខែតុលាថ្មីៗនេះ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– ប្រភពដដែលបន្តថា​ ក្រោយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាំងពីវេលាកើតហេតុ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ នៅភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រួចបន្ដចាប់ម្នាក់ទៀត នៅជិតវិទ្យាល័យបាក់ទូក សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ឈ្មោះ ហេង ដារ៉ុង ហៅខ្មៅណាហ្គា អាយុ១៩ឆ្នាំ, ឈ្មោះ អេង វណ្ណូត អាយុ២៨ឆ្នាំ និងឈ្មោះ យ៉ឹម សុវណ្ណ អាយុ១៨ឆ្នាំ។

– សមត្ថកិច្ចជំនាញដកហូតបាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាកOPPOពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ), កាំភ្លើងខ្លីប្រើហ្គាស១ដើម ម៉ាក BERETTA ពណ៌ខ្មៅ, បង់១ (ឧបករណ៍ធ្វើសកម្មភាព), ម៉ូតូ១គ្រឿង​ ម៉ាក Suzuki Smash ពណ៌ក្រហម ពាក់ផ្លាកលេខរដ្ឋ20 1-0964 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន១ថង់តូច, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ១គ្រឿង ម៉ាក HUAWEI ពណ៌ក្រហម។

បច្ចុប្បន្នជនសង្ស័យ​រួមទាំង​វត្ថុ​តាង​ ត្រូវ​បានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបង្ហាញមុខជា​សាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូង ដេីម្បីបន្តនីតិវិធី៕

 

You might like