មេដឹកនាំកំពូលហាម៉ាសលោក Yahya Sinwar ស្លាប់ ខណបាញ់តទល់ជាមួយកងទ័ពអ៊ីស្រាអែល

អន្តរជាតិះ- យោធា​អ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​បង្ហាញ​ពី​ការ​ស្លាប់​របស់​មេដឹកនាំ​នយោបាយ​ហាម៉ាស់​លោក Yahya Sinwar នៅ​ភាគ​ខាងត្បូង​ហ្គាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា Sinwar ត្រូវបានសម្លាប់នៅទីតាំងមួយ តែមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។

– ក្រុមមន្ត្រីនៅទីក្រុងហ្សេរុយសាឡឹមខាងលិចបានប្រារព្ធពិធីមរណភាពរបស់បុរសដែលមានសារៈសំខាន់ចំពោះសកម្មភាពយោធានៃក្រុមប៉ាឡេស្ទីន រួមទាំងជាស្ថាបនិកនៃផែនការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ទៅអ៊ីស្រាអែលផងដែរ។

– នៅល្ងាចថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យអន្តរជាតិនៃ IDF លោកវរសេនីយ៍ទោ Nadav Shoshani បានបង្ហោះវីដេអូរយៈពេល ៤៨ វិនាទីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយពណ៌នាថាវាជា ពេលវេលាចុងក្រោយ របស់ Sinwar ។

– រូបភាពពីយន្តហោះគ្មានមនុស្សបើកបង្ហាញពីផ្ទះដែលត្រូវបានទម្លាក់គ្រាប់បែកនៅកន្លែងណាមួយក្នុងហ្គាហ្សា ជាមួយនឹងរូបរាងពងក្រពើដែលនៅខាងក្នុងអង្គុយនៅលើកៅអីមួយ។ ទោះបីជា Shoshani មិនបានពណ៌នាវីដេអូថាអ្វីពិតប្រាកដនោះ តែចុងក្រោយនៃការបញ្ចប់វីដេអូនេះ មានដាក់ស្លាកអ្នកអង្គុយនោះថា Sinwar នៅក្នុងគ្រោងរង្វង់ពណ៌ក្រហម។ ដៃ​របស់​បុរស​ម្នាក់នោះ​ទំនង​ជា​រង​របួស។ ដោយដៃម្ខាងទៀត បុរសនោះបោះអ្វីដែលហាក់ដូចជាដំបង ឬដាវដាក់លើយន្តហោះគ្មានមនុស្សបើក ខណវត្ថុដែលបានបង្ហាញបានបាត់ ប៉ុន្តែវីដេអូឈប់នៅចំណុចនោះដែរ។

– យោងតាមកាសែត Jerusalem Post អង្គភាពនៃកងពលតូច Bislach 828 បានឲ្យដឹងថា ការសម្លាប់លោក Sinwar ធ្វើទ្បើងកាលពីថ្ងៃពុធ នៅក្នុងអ្វីដែលត្រូវបានពិពណ៌នាថាជា ប្រតិបត្តិការដែលមិនបានគ្រោងទុក នៅក្នុងសង្កាត់ Rafah នៃ Tel Sultan នៅភាគខាងត្បូង Gaza ។

– មេដឹកនាំក្រុមហាម៉ាស់ ត្រូវបានគេរាយការណ៍ថា ប្រទះឃើញដោយយន្តហោះដ្រូន ស៊ើបការណ៍ ចូលទៅក្នុងអគារមួយ។ ភ្លាមៗនោះ រថក្រោះបានបើកការបាញ់ប្រហារទៅលើអគារ ហើយ IDF បានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅត្រួតពិនិត្យគោលដៅ។ បន្ទាប់ពី Sinwar បានវាយប្រហារយន្តហោះគ្មានមនុស្សបើក រថក្រោះបានបាញ់ចូលទៅក្នុងអាគារម្តងទៀត។

– រូបភាពក្រាហ្វិកនៃអ្វីដែលមើលទៅដូចជា Sinwar ដែលត្រូវបានកប់នៅក្រោមគំនរបាក់បែកនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍។ IDF បានបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់ដោយការផ្គូផ្គងកំណត់ត្រាធ្មេញ និងស្នាមម្រាមដៃតាំងពីពេលដែលមេដឹកនាំក្រុមហាម៉ាសស្ថិតនៅក្នុងពន្ធនាគារ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ម្រាមដៃមួយរបស់ Sinwar ត្រូវបានកាត់ផ្តាច់ ហើយប្រញាប់ប្រញាល់នាំសាកសពទៅកាន់មន្ទីរពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណបានលឿនជាងមុន។

– អ្នក​យក​ព័ត៌មាន​នៅ​ប៉ុស្តិ៍​លេខ ១២ របស់​អ៊ីស្រាអែល​បាន​បង្ហោះ​រូបថត​នៃ​វត្ថុ​ដែល​រក​ឃើញ​នៅ​លើ​ខ្លួន​របស់ Sinwar ក្នុង​នោះ​មាន​គ្រាប់មីន ប្រាក់ កាំភ្លើងខ្លី​មួយ​ដើម កាំភ្លើង Kalashnikov និង​លេខសម្គាល់​បុគ្គលិក​សម្រាប់​ទីភ្នាក់ងារ​ជំនួយ និង​ការងារ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ប៉ាឡេស្ទីន (UNRWA)ផងដែរ។ យ៉ាងណាក៏ដោយតាមព័ត៌មានចុងក្រោយបានបញ្ជាក់ថា មុនពេលស្លាប់មេដឹកនាំហាម៉ាស់រូបនោះ បានបាញ់តទល់ជាមួយកងទ័ពអ៊ីស្រាអែល ខណៈពេលដែលគាត់ព្យាយាមរត់ភៀសខ្លួនទៅរូងការពារខ្លួន ប៉ុន្តែក្រុមលោកបានទន់ដៃហើយក៏រត់ចូលក្នុងអគារមួយកន្លែងដែលចុងក្រោយអគារនោះត្រូវបាញ់បំផ្លាញដោយកងកម្លាំងរថក្រោះរបស់អ៊ីស្រាអែល៕

 

You might like