អន្តរជាតិះ- តាមការចុះផ្សាយរបស់ USA Today នៅថ្ងៃពុធទី១៦ខែតុលាឆ្នាំ២០២៤ កងទ័ពអាមេរិកក្រុមទី១ បានទៅដល់ប្រទេសអ៊ីស្រាអែលហើយ ដើម្បីរៀបចំដំឡើងនិងធ្វើប្រតិបត្តិការខែលការពារអាកាស THAAD ប្រឆាំងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់។
– ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder មិនបញ្ជាក់ទេថាតើទាហានក្រុមដំបូងនេះ មានចំនួនប៉ុន្មាននាក់ ប៉ុន្តែប្រាប់ថា ទាហានបន្ថែមទៀត នឹងត្រូវបញ្ជូនទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
– លោកនិយាយថា «ខែលការពារមីស៊ីលនេះ នឹងដំណើរការពេញលេញក្នុងពេលអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែយើងមិនអាចបង្ហាញពីវឌ្ឍនភាពជាក់លាក់បានទេ ដើម្បីធានាសន្តិសុខ។ ការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធនេះដល់អ៊ីស្រាអែល គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារអ៊ីស្រាអែល និងពលរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែល និងទប់ស្កាត់ការវាយប្រហារដោយមីស៊ីលផ្លោងណាពីប្រទេសអ៊ីរ៉ង់»។
– កាលពី៣ថ្ងៃមុននេះ សហរដ្ឋអាមេរិកបានប្រកាស បញ្ជូនប្រព័ន្ធការពារដែនអាកាស THAAD និងកងទ័ពប្រតិបត្តិការប្រហែល១០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយបង្កើនសមត្ថភាពឆ្លើយតបមីស៊ីលរបស់សម្ព័ន្ធមិត្តខ្លួន។
– ក្រោយមក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងថា វិធានការនេះគឺដើម្បីការពារអ៊ីស្រាអែល បន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីលសងសឹកប្រទេសសម្ព័ន្ធមិត្តកាលពីដើមខែនេះ។

– ការដាក់ពង្រាយនេះក៏ធ្វើឡើងផងដែរ ចំពេលអ៊ីស្រាអែល ត្រៀមឆ្លើយតបទៅការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី១ខែតុលា ដែលកាលនោះមានមីស៊ីលប្រហែល២០០គ្រាប់ បាញ់សន្ធាប់លើគោលដៅយោធាអ៊ីស្រាអែល សងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh, មេដឹកនាំក្រុមហេសបូឡា Hassan Nasrallah និងមេទ័ពអ៊ីរ៉ង់ម្នាក់ទៀត៕
