ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូបើកបុករថយន្តហ៊ីយ៉ាន់ដាយដឹកដីខ្សាច់ ដែលខូចហើយចតចោលនៅលើដងផ្លូវ បណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខចម្ការទុរេន លោក គឹម មរកត ស្ថិតក្នុងភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ចជំនាញស្រុកអូរជុំ បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម C-125 ស៊េរីឆ្នាំ2025 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1G-4738 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានជ្រុលចង្កូតទៅបុកគូទរថយន្តដឹកដីខ្សាច់ខូចទុកចោលនៅលើដងផ្លូវជាតិយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ពេវ ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ពាក់មួកសុវត្តិភាព (ស្លាប់)។ រីឯអ្នករួមដំណើរ ឈ្មោះ ពេវ សិដ្ឋ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មិនពាក់មួកសុវត្ថិភាព (ស្លាប់)។
ដោយឡែករថយន្ត១គ្រឿងម៉ាក SCANIA ពណ៌ស ទ្រុងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ3F-5134 អ្នកបើកបរក្រោយកើតហេតុបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ៕
